ការលក់រថយន្តរបស់ក្រុមហ៊ុន Hyundai Motor Co. បានធ្លាក់ចុះនៅក្នុងខែកក្កដា ដោយសារតែការធ្លាក់ចុះនៃទិន្នផលដែលបង្កឡើងដោយបាតុកម្មរបស់កម្មករជាបន្តបន្ទាប់ដែលបានធ្វើឱ្យមានការកាត់បន្ថយនូវការលក់ទាំងនៅក្នុងស្រុក និងបរទេស។
ការលក់ជាទូទៅរបស់ក្រុមហ៊ុននេះឈានដល់៣៣៩.២៧៣គ្រឿងកាលពីខែ មុនពោលគឺធ្លាក់ចុះ៥,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។
ការលក់ក្នុងស្រុកវិញបានធ្លាក់ចុះ២០ ,១ភាគរយដល់ចំនួន ៤៧.៨៧៩គ្រឿង។ ការធ្លាក់ចុះដ៏ខ្លាំងនេះដោយសារតែការកាត់ផ្តាច់ជាបណ្ណោះអាសន្ននូវការអនុវត្ត ពន្ធដារសម្រាប់អ្នកដែលបានដាក់ជំនួសរថយន្តចាស់ៗរបស់ពួកគេ។
ការនាំចេញរថយន្តក៏ធ្លាក់ចុះយ៉ាងខ្លាំងផងដែរបើធៀបនឹងដើមឆ្នាំដោយសារតែ ទិន្នផលត្រូវបានកាត់បន្ថយ ១៦,៦ភាគរយ ដែលបង្កឡើងដោយបាតុកម្មរបស់កម្មករកាលពីខែមុន។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការ លក់នៅបរទេសវិញបានធ្លាក់ចុះតែ២ភាគរយប៉ុណ្ណោះដល់ចំនួន ២៩១.៣៩៤គ្រឿង ដោយសារតែការលក់រថយន្តដែលផលិតនៅបរទេសកើនឡើង។
នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ ការលក់រថយន្តសរុបរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះ១,៤ ភាគរយដល់ចំនួន២.៧៣៣.៦៣២គ្រឿង។
ការលក់ក្នុងស្រុកទទួលបានកំណើន ០,៧ភាគរយដល់ចំនួន៣៩៩.០០៣ គ្រឿង ប៉ុន្តែការលក់នៅបរទេសវិញបាន ធ្លាក់ចុះ១,៨ភាគរយដល់ចំនួន២.៣៣៤.៦២៩គ្រឿង៕
ដោយ៖ រ័ត្ន