ខេត្តព្រះសីហនុ ៖ នៅព្រលប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤មនុស្ស៧នាក់ ក្នុងរថយន្តហាយឡេនឌ័រ បានស្លាប់ចំនួន៥នាក់ និងរបួសធ្ងន់ចំនួន២នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហាយឡេនឌ័រ១គ្រឿង បុកប៉ះគ្នាជាមួយរថយន្តកុងតឺន័រលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៧-១៨៨ ស្ថិតនៅភូមិទួល ទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ដ១គ្រឿង ម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-7156 ដែលបើកបរក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ហេង សុខលាង ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមជាមួយអ្នកដំណើរចំនួន០៦នាក់ទៀត ស្រីចំនួន០៥នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) ។
ប្រភពព័ត៌មានបានឲ្យដឹងថា មកដល់ចំណុចកើតហេតុ រថយន្តហាយឡេនឌ័រ បានឡើងវ៉ាជែង ស្របពេលនោះ មានរថយន្ដ០១គ្រឿងម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-1534 និងសណ្តោងរ៉ឺម៉ក ស្លាកលេខ ភ្នំពេញ 4A-0012 ដែលមានទិសដៅផ្ទុយគ្នា (អ្នក បើកបររត់គេចបាត់ មិនទាន់ស្គាល់អត្តសញ្ញាណ) បានបុកចំពីខាងមុខពេញទំហឹងតែម្ដង ។
គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន០៥នាក់ ស្រី០៤នាក់ និងប្រុស០១នាក់ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងរងរបួសធ្ងន់ចំនួន០២នាក់ (អ្នកបើកបររថយន្ដ ភេទប្រុស និងអ្នករួមដំណើរភេទស្រី ចំនួន០១នាក់) ។
សមត្ថកិច្ចកំពុងបន្តស្វែងសាច់ញាតិ ចំណែកជនរង គ្រោះបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន លិ គឹមឌី ឃុំវាលរេញ រីឯវត្ថុតាង (រថយន្ដ) បានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅឯអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕