ភ្នំពេញ ៖ នៅក្នុងសន្និសីទស្តីពី សមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ៖ ក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ យុទ្ធសាស្ត្របញ្ចកោណគោលដៅគឺសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ចំណូលខ្ពស់ ដែលជាចក្ខុវិស័យប្រកបដោយមហិច្ឆតាប៉ុន្តែ មិនមែនដេកស្រមៃទេ ជាចក្ខុវិស័យខ្ពស់មែន តែមានគ្រឹះរឹងមាំ និងមានសក្តានុភពលដើម្បីឈានទៅសម្រេចឱ្យបាន។
លោក ប៉ែន បូណា បានគូសបញ្ជាក់ថា ៖ ក្នុងរយៈពេលមួយឆ្នាំនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (២២ ខែសីហា ២០២៣-២២ ខែសីហា ២០២៤) គឺថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ រក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងសមិទ្ធផលលេចធ្លោជាច្រើនទៀត ដូចជាការការពារនូវអធិបតេយ្យភាពជាដើម។
លោក ប៉ែន បូណា បានរម្លឹកឡើងថា រយៈពេលជាង ៥០០ ឆ្នាំចុងក្រោយ ប្រទេសជាតិយើងឆ្លងកាត់ការបែកបាក់ សង្គ្រាមស៊ីវិលរហូតដល់ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ (១៩៧៥-៧៩) ដែលជាដំណាក់កាលគ្រោះថ្នាក់បំផុតចុងក្រោយមួយដែលប្រទេសជាតិយើងឈានទៅរកការរលាយសាបសូន្យទាំងស្រុង ទាំងប្រទេសជាតិ ទាំងពូជសាសន៍ខ្មែរ។ ប៉ុន្តែ ជាភ័ព្វសំណាង ដែលវីរជនគណបក្សប្រជាជនកម្ពុជាបានដណ្តើមជីវិតខ្មែរ និងប្រទេសកម្ពុជាយើងចេញពីសេចក្តីវិនាស ហិនហោច ដោយយកជីវិតទៅប្តូរ៕