លោក ប៉ែន បូណា៖ គួរឱ្យស្តាយដែលកម្ពុជា មានក្រុមប្រឆាំងជ្រុលនិយម ដែលប្រឆាំងសូម្បីតែផលប្រយោជន៍ជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញពីការសោកស្ដាយដែលកម្ពុជា មានក្រុមប្រឆាំងជ្រុលនិយមមួយ ដែលប្រឆាំងសូម្បីតែផលប្រយោជន៍ជាតិ គឺប្រឆាំងឱ្យបានតែប្រឆាំងប៉ុណ្ណោះ។

លោក បានអះអាងបែបនេះបន្ទាប់ពី ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បានធ្វើសកម្មភាពជំទាស់នឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលមួយ ដែលផ្តល់នូវអត្ថប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចសង្គមកម្ពុជា និងបានធ្វើសកម្មភាពញុះញង់បំភ្លៃលើកិច្ចសហប្រតិបត្តិការត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយបំផុសចលនាឱ្យយុវជនតវ៉ាបះបោរដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀត។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីការណ៍ដែលនាំឱ្យមានការៀបចំគម្រោងបាតុកម្មទម្លាក់រដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ទោះបីជាគម្រោងនេះបរាជ័យក្តី, លោក ប៉ែន បូណា បានថ្លែងថា ប្រទេសកម្ពុជាពិតជាអកុសល ដោយសារតែមានគណបក្សប្រឆាំងបែបជ្រុលនិយម ប្រឆាំងដោយមិនប្រកបដោយន័យស្ថាបនា ប៉ុន្តែទៅជាប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ខ្លួនឯង ប្រឆាំងឱ្យបានតែប្រឆាំង ដោយមិនបានសម្លឹងមើលទិដ្ឋភាពជាក់ស្ដែងទាល់តែសោះ។

លោក ប៉ែន បូណា បានបន្ថែមថា បើសម្លឹងមើលពីធនធានរបស់ក្រុមប្រឆាំងជ្រុលនិយមសព្វថ្ងៃនេះ ដែលមានអ្នកនយោបាយចាស់ៗមិនបានសិក្សាពីគោលនយោបាយជាតិ ផលប្រយោជន៍ជាតិទេ ក្រៅតែពីការនិយាយចោទប្រកាន់ឱ្យខ្មែរបែកបាក់សាមគ្គី ជាសម្ដីដែលហាមាត់ពេលនេះគឺចេញភ្លើងពេលនោះ បង្កជាការញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរស្អប់រដ្ឋាភិបាល។ ដោយឡែកយុវជនដែលជាសមាជិកនៃក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួន មិនបានបង្ហាញឱ្យឃើញពីភាពចេះដឹងរបស់ខ្លួន ដើម្បីឱ្យយុវជនផ្សេងៗស្ដាប់ពិចារណាទេ បែរជាដើរតាមដានរបស់រៀមច្បងរបស់គេដោយប្រើភាសាបំភ្លើសបំភ្លៃ ធ្វើយ៉ាងណាឱ្យប្រជាជនច្របូកច្របល់ ជាភាសាមិនបញ្ជាក់ពីភាពជាបញ្ញវ័ន្តសោះឡើយ។ បន្ថែមពីនេះ រដ្ឋមន្រ្តីប្រតិភូ ក៏បានលើកឡើងពីក្រុមអ្នកឃោសនារបស់បក្សប្រឆាំង ដែលមិនបានជួយផ្សព្វផ្សាយដល់យុវជនខ្មែរឱ្យធ្វើការសិក្សា ដើម្បីទទួលបានចំណេះដឹងខ្ពស់នោះទេ ក្រៅតែពីពាក្យចាក់រុក។

បន្ថែមពីនោះ លោក ប៉ែន បូណា បានបញ្ជាក់ថា អ្វីដែលក្រុមប្រឆាំងបានរៀបចំកន្លងមក គឺផ្ទុយពីរដ្ឋាភិបាលទាំងស្រុង ខណៈដែលរដ្ឋាភិបាលកម្ពុជា ព្យាយាមអង្គុយសិក្សាស្រាវជ្រាវដើម្បីរៀបចំជាយុទ្ធសាស្រ្ត តាំងពីយុទ្ធសាស្រ្តត្រីកោណចតុកោណ រហូតមកដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រហូតទៅដល់ដំណាក់កាលតទៅមុខទៀតដល់ឆ្នាំ២០៥០ សុទ្ធតែកើតចេញពីការគិតគូរ គូសវាសពិចារណា ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជាតិទាំងមូល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print