ត្រូវចាំណាបងប្អូន ! ប្រកាសបិទមជ្ឈមណ្ឌលកែសម្ផស្ស និងថែរក្សាកែសម្ផស្ស ៦ទីតាំង គឺមាន ៥ទីតាំងជារបស់វេជ្ជបណ្ឌិត សែម រតនា

ចែករំលែក៖

ភ្នំពេញ : មន្ទីរសុខាភិបាលខេត្តបាត់ដំបង សម្រេច

បិទទីតាំងផ្តល់សេវាថែរក្សាសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ស្ថិតនៅផ្លូវលេខ១០៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់លោក សែម រតនា ដោយមូលហេតុ គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងប្រើប្រាស់ផលិតផលគ្មានចុះបញ្ជិកា ។
មន្ទីរសុខាភិបាលខេត្តកណ្តាល សម្រេច បិទគ្លីនិក កែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល តាខ្មៅ ដែលមានអ្នកទទួលខុសត្រូវ ឈ្មោះលោក វេជ្ជបណ្ឌិត សែម រតនា មានទីតាំងនៅផ្ទះលេខ៨៤ ផ្លូវ២១០ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមូលហេតុ គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយ ចែកចាយ និង លក់ ឱសថ ផលិតផលកែសម្ផស្ស គ្មានចុះបញ្ជិកា ។
មន្ទីរសុខាភិបាលខេត្តសៀមរាប សម្រេច បិទគ្លីនិក កែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល សៀមរាប ដែលមានអ្នកទទួលខុសត្រូវ ឈ្មោះលោក វេជ្ជបណ្ឌិត សែម រតនា មានទីតាំងនៅផ្លូវជាតិលេខ៦A ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមូលហេតុ គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយ ចែកចាយ និងលក់ឱសថ ផលិតផលកែសម្ផស្សគ្មានចុះបញ្ជិកា ។
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ សម្រេច ៖ បិទមជ្ឈមណ្ឌលកែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅផ្សារទំនើប FURI ផ្លូវឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់ វេជ្ជបណ្ឌិត សែម រតនា ដោយ មូលហេតុមិនមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល។
ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល និង វេជ្ជបណ្ឌិត សែម រតនា មានភារកិច្ចអនុវត្តសេចក្តី សម្រេច នេះតាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
ដោយឡែកនៅខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូន ម្ចាស់មជ្ឈមណ្ឌល ថែរក្សាសម្ផស្ស យីហោ – ឌីអ ប្រូហ្វេសិនណល ឯ.ក – ស្ថិតនៅផ្ទះលេខ៦៨ ផ្លូវសុរិយាវរ្ម័ន ភូមិទី១ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបានប្រកបអាជីវកម្ម និងផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធ នឹងការថែរក្សាសម្ផស្ស។ ក្រោយពីក្រុមការងារនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យលើ អាជីវកម្មថែរក្សាសម្ផស្សនេះ ពិតជាមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ ពីក្រសួងសុខាភិបាលក្នុងការធ្វើអាជីវកម្មថែរក្សាសម្ផស្សនេះនៅឡើយទេ។

ដើម្បីជៀសវាងការបង្ករគ្រោះថ្នាក់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវា ថែរក្សាសម្ផស្ស ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ រដ្ឋបាលខេត្តកំពង់ចាម សូមផ្អាកសកម្មភាពអាជីវកម្មថែរក្សា សម្ផស្សនៅទីតាំងខាងលើជាបណ្តោះអាសន្ន។ ហើយម្ចាស់អាជីវកម្មថែរក្សាសម្ផស្ស ត្រូវស្នើសុំការអនុញ្ញាត ច្បាប់ប្រកបអាជីវកម្មថែរក្សាសម្ផស្ស ពីក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឱ្យបើកដំណើរ ការអាជីវកម្មថែរក្សាសម្ផស្សនេះឡើងវិញ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ម្ចាស់អាជីវកម្មថែរក្សាសម្ផស្ស យីហោ នីអ ប្រូហ្វេសិនណល ឯ.ក – ចាត់ចែង និងអនុវត្តឱ្យបានល្អប្រសើរ។
និយាយរួមហាងកែសម្ផស្ស ចំនួន 5 ទីតាំងរបស់វេជ្ជបណ្ឌិត សែម រតនា សុទ្ធតែគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលទាំងអស់ ។ នេះសបញ្ជាក់ថា , ភាពគ្រោះថ្នាក់បំផុត ដែលអាចកើតមានចំពោះអ្នកទៅព្យាបាល កែសម្ផស្ស ហើយជុំវិញបញ្ហានេះ ក្រសួងសុខាភិបាល សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ គួរមានវិធានការ មិនត្រឹមតែបិទអាជីវកម្មប៉ុណ្ណោះទេ គប្បីស៊ើបអង្កេតស្រាវជ្រាវ ថាតើកន្លងមក ការបើកអាជីវកម្មនេះ មានបណ្ដាលឲ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋដែលឬទេ ? ពីព្រោះថា ការផ្សព្វផ្សាយរបស់លោកវេជ្ជបណ្ឌិត សែម រតនា មានភាពទូលំទូលាយ បំផុត ដែលបង្ហាញអំពី សមត្ថភាព មានច្បាប់ទម្លាប់ត្រឹមត្រូវ ចុងក្រោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលទាល់តែសោះ ទើបធ្វើឲ្យអ្នកដែលចង់កែសម្ផស្ស ឬអ្នកដែលមានបំណងចង់កែសម្ផស្សភ្ញាក់ផ្អើល កំពុងព្រួយបារម្ភចំពោះបញ្ហាសុខភាព។
ករណីមួយទៀត ! មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សម្រេច

បិទមជ្ឈមណ្ឌលថែរក្សាសម្រស់ ឌីអ ប្រឺហ្វេសិនណល ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១១ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ របស់លោកស្រី ទូច ធីតា តំណាងមជ្ឈមណ្ឌលថែរក្សាសម្រស់ ឌីអ ប្រឺហ្វេសិនណល ដោយមូលហេតុពុំមានច្បាប់អនុញ្ញាតពី ក្រសួងសុខាភិបាល ។
ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខ និង លោកស្រី ទូច ធីតា តំណាងមជ្ឈមណ្ឌលថែរក្សាសម្រស់ ឌីអ ប្រឺហ្វេសិនណល មានភារកិច្ចអនុវត្ត សេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ឱ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
ពាក់ព័ន្ធករណីបិទទីតាំងកែសម្ផស្សលោកវេជ្ជបណ្ឌិត សែម រតនា ដល់ ៥ទីតាំង ហើយលួចធ្វើអាជីវកម្មទាំងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” បានធ្វើការទំនាក់ទំនងសុំការបំភ្លឺ ពីលោកវេជ្ជបណ្ឌិត សែម រតនា តាមរយៈទូរស័ព្ទ (077720733) ប៉ុន្តែទូរស័ព្ទចូល មានស្ត្រីជាអ្នកលើកទូរស័ព្ទ ដោយគាត់បានបញ្ជាក់ថា,

ចំពោះការបិទកន្លែងកែសម្ផស្សទាំងប្រាំទីតាំងនោះ គាត់មិនដឹង មិនអាចនិយាយបានទេព្រោះត្រឹមខ្លួនជាបុគ្គលិក។ ដោយឡែកចំពោះសុំលេខទូរសព្ទលោកវេជ្ជបណ្ឌិត សែម រតនា ដើម្បីទទួលបានការបកស្រាយពីគាត់ ថាហេតុអ្វីហ៊ានបើកធ្វើអាជីវកម្មកែសម្ផស្សដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ! គឺបុគ្គលិករបស់គាត់ឆ្លើយថាគ្មានលេខទូរសព្ទទេ ។ ដូច្នេះហើយសូមសុភាពបុរស និងសុភាពនារីទាំងឡាយ មេត្តាស្រលាញ់សុខភាព សិក្សាឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តកែសម្ផស្ស ពីព្រោះថា  ទីតាំងកែសម្ផស្ស របស់លោកវេជ្ជបណ្ឌិត សែម រតនា មិនធម្មតាទេ ទាំងប្រាំទីតាំងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលទាំងអស់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print