ភ្នំពេញ ៖ យោងតាមស្ថានភាពវិវត្តនៃធាតុអាកាសនៅក្នុងតំបន់ ជ្រលងសម្ពាធទាបមួយនឹងគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ហើយទន្ទឹមនឹងនេះ ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman និងឈូងសមុទ្រថៃនឹងបង្កើនឥទ្ធិពលខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជនឱ្យបាន ជ្រាបថា៖ ស្ថានភាពខាងលើនេះនឹងបណ្តាលឱ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស និងមានកម្រិតកម្ពស់ខ្ពស់ជាង មធ្យមភាគច្រើនឆ្នាំនៅតំបន់មួយចំនួនរួមមាន តំបន់វាលទំនាប ខ្ពង់រាប មាត់សមុទ្រ ជួរភ្នំ និងតំបន់ភ្នំ។ ក្នុងនោះនៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ។ តំបន់ខ្ពង់រាបមានខេត្ត កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ។ តំបន់មាត់សមុទ្រមានខេត្ត កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។ រលកសមុទ្រមាន កម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងមធ្យមអតិបរមា ២,៥០ម៉ែត្រ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសតាមបណ្តាខេត្តដែលបានជម្រាបជូន អំពីស្ថានភាពធាតុអាកាសដូចជា ផ្គរន្ទះ ខ្យល់កន្ត្រាក់ ភ្លៀងខ្លាំង ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។
សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕