ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច បានបញ្ជូនខ្លួនជនសង្ស័យជាព្រះសង្ឃ ដែលយកកាំបិតបុ័ងតោកាប់ទៅលើ នារីវ័យក្មេង បណ្តាលអោយរបួសធ្ងន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ មានឈ្មោះ ហឿន វាសនា អាយុ៣០ឆ្នាំជាព្រះសង្ឃ ស្នាក់នៅ បន្ទប់លេខ២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ចំណែកនារីរងគ្រោះមានឈ្មោះ សេង សេតម្ពរ (ហៅកែវ) អាយុប្រហែល១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបណ្តោះអាសន្ន ជាមួយជីដូន នៅក្នុង បរិវេណវត្តថាន់ ។
ជនសង្ស័យនឹងនារីរងគ្រោះខាងលើមានទំនាក់ទំនងគ្នារយៈពេលជាង០២ឆ្នាំមកហើយ ប៉ុន្តែស្រាប់តែពេលថ្មីៗក្រោយនេះ នារីរងគ្រោះមានទំនាក់ទំនងជាមួយអ្នកផ្សេង ក៏បានធ្វើអោយជនសង្ស័យប្រចណ្ឌ រហូតមានការយកកាំបិតបុ័ងតោ កាប់ទៅលើនារីរងគ្រោះ បំណងសម្លាប់តែត្រូវបានប្រជាពលរដ្ឋឃើញ ជនសង្ស័យក៏រត់គេច នឹងបានយកទូរស័ព្ទមួយគ្រឿង ម៉ាក អាយហ្វូន ពណ៍ស យករត់គេចខ្លួនតែម្តង ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ០៦ នឹង ២០នាទីព្រឹក លោកតាអាចារ្យម្នាក់ គាត់ឮសម្លេងប្រតាយប្រតបគ្នា នៅចំណុចផ្លូវក្បែរចេតិយ នឹងមានសម្លេងមនុស្សស្រីស្រែកអោយគេជួយផងៗ ។ លុះស្របពេលនោះ ក៏លែងមានឮសម្លេង ស្ងាត់បាត់មួយសន្ទុះ គាត់បានស្ទុះរត់ទៅមើលក៏ស្រាប់តែប្រទះឃើញ នារីវ័យក្មេងខាងលើ របួសធ្ងន់ដេកលើថ្លុកឈាម សភាពនៅខាងក្រោយក្បាលមានស្លាកស្នាម ជាច្រើនកន្លែង ដោយផ្នែកខាងមុខមានស្នាមនៅលើចង្ការ នឹងមានស្នាមនៅលើបាតដៃផងដែរ ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ជនសង្ស័យនឹងនារីរងគ្រោះខាងលើមានទំនាក់ទំនងគ្នារយៈពេលជាង០២ឆ្នាំមកហើយ ប៉ុន្តែស្រាប់តែពេលថ្មីៗក្រោយនេះ នារីរងគ្រោះមានទំនាក់ទំនងជាមួយអ្នកផ្សេង ក៏បានធ្វើអោយជនសង្ស័យប្រចណ្ឌ រហូតមានការយកកាំបិតបុ័ងតោ កាប់ទៅលើនារីរងគ្រោះ បំណងសម្លាប់តែត្រូវបានប្រជាពលរដ្ឋឃើញ ជនសង្ស័យក៏រត់គេច នឹងបានយកទូរស័ព្ទមួយគ្រឿង ម៉ាក អាយហ្វូន ពណ៍ស យករត់គេចខ្លួនតែម្តង ។ ហើយជនសង្ស័យត្រូវបានឃាត់ខ្លួនបាននៅវេលាម៉ោង ០៦ នឹង ៣០នាទីយប់ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៤ នៅច្រកព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបតាមនីតិវិធី៕ ដោយ៖ រ៉ារ៉ា