ខេត្តស្រះកែវ ៖ ប្រតិភូខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ង៉ោ ម៉េ ងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងប្រតិភូ អញ្ជើញចូលរួមប្រជុំពង្រឹងទំនាក់ទំនង និងការយោគយល់ល្អជាមួយប្រទេសជិតខាងកម្ពុជា-ថៃ រវាងខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ។
កិច្ចប្រជុំ នេះធ្វើឡើងបន្ទប់ប្រជុំ Phetchaburapha ការិយាល័យខេត្តផ្នែកវិស័យអប់រំ សាលាបឋមសិក្សាស្រះកែវ តំបន់២ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ។
ក្នុងកិច្ចប្រជុំក៏បានពិភាក្សា ការត្រៀមបើកច្រកព្រំដែនអចិន្ត្រៃយ៍ ស្ពានមិត្តភាពកម្ពុជា-ថៃ (ណងអៀន-ស្ទឹងបត់) និងការរៀបចំបើកច្រកព្រំដែនអចិន្ត្រៃយ៍ ស្ពានមិត្តភាពកម្ពុជា-ថៃ ភាគីកម្ពុជា។ តាមរយៈ នៃការបើកច្រកខាងលើនេះដែរ ភាគីខេត្តទាំង២ ក៏បានបញ្ជាក់ពីសារសំខាន់ ដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ចនៅតាមព្រំដែន ក្នុងការផ្លាស់ដឹកជញ្ជូនទំនិញចេញចូល តាមព្រំដែន។
ជាមួយគ្នានេះភាគីកម្ពុជា ខេត្តបន្ទាយមានជ័យ បានគាំទ្រស្វាគមន៍ជានិច្ច ចំពោះការបើកច្រកខាង លើទាំងបើកបណ្តោះអាសន្ន និងបើកជាផ្លូវការ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងនាមថ្នាក់ដឹកនាំ ខេត្តបន្ទាយមានជ័យ ស្វាគមន៍គ្រប់វេលា ។ ហើយការបើកច្រកនេះ ពិតជាបានជួយលើកកម្ពស់ជីវភាពរបស់ប្រពលរដ្ឋនៃប្រទេសទាំង ២ និងធ្វើឱ្យចំណងមិត្តភាពរវាងខេត្ត និងប្រទេសទាំង២ កាន់តែមានកិច្ចសហប្រតិបត្តការល្អ មានភាពស្អិតរមួតថែមទៀត ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព និងមានការអភិវឌ្ឍ។
គួរបញ្ជាក់ថា ៖ ខេត្តបន្ទាយមានជ័យ បាននិងកំពុងមានទំនាក់ទំនងមេត្រីភាពជាមួយខេត្ត នៃប្រទេសជាបងប្អូន និងបាននាំមកនូវសមិទ្ធផលល្អជាច្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះមាន ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃឡង់, ខេត្តយូណាន់ នៃសាធារណៈរដ្ឋប្រជាមានិតចិន, ខេត្តដុងថាប់ និងខេត្តវិញឡុង នៃសាធារណៈរដ្ឋសង្គមនិយមរៀតណាម និងតំបន់យ៉ាងព្យុង ខេត្តក្យុងគី នៃសាធារណរដ្ឋកូរ៉េ (តាមរយៈអង្គការ ហាឆាន់ខាំ)៕