ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនបំពានភ្លេីងស្តុបក៏ជ្រុលទៅបុកឡំប្រឺតាដែលបេីកបត់ឆ្លងផ្លូវពេញទំហឹងបណ្តាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជេីង។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្តមកែងផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HN-3670 ដឹកកូនប្រុសអាយុ៣ឆ្នាំ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុ ភ្លេីងស្តុបអាទិភាពក៏បានបត់ឆ្វេងឆ្លងផ្លូវឆ្ពោះទៅផ្លូវលេខ៤៦៦ ភ្លាមនោះស្រាប់តែបុរស២នាក់បានជិះម៉ូតូម៉ាកហុងដាប៊ីត សេ៊រីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-9843 បោះពួយតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីជេីងទៅត្បូងបញ្ច្រាសទិសគ្នា ហើយមិនគោរពភ្លើងស្តុប ក៏ជ្រុលទៅបុកឡំប្រឺតាចំផ្នែកខាងក្រោយចំហៀងខាងស្តាំយ៉ាងពេញទំហឹងបណ្តាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខាត ហើយមនុស្សរងរបួសតិចតួច។
ដោយឡែកខាងម៉ូតូវិញ រងការខូចខាតបាក់ខ្នងកង់វៀចជំពាស់ និងធ្វើឱ្យអ្នកទាំង២រងរបួសរលាត់ជេីងតិចតួច មិនបានទៅមន្ទីរពេទ្យទាំងសងខាង ។
ក្រោយពេលកេីតហេតុ ក៏មានតំណាងភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងម៉ូតូសងសំណងទៅខាងកង់បីចំនួន១០០ដុល្លារដេីម្បីបញ្ចប់រឿង ៕ដោយ៖សុខាសែនជ័យ