កងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) បានព្រមានថា ការសងសឹករបស់ទីក្រុងតេអេរ៉ង់ចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh អាចកើតឡើងបន្ទាប់ពីការរង់ចាំដ៏យូរ។
មេដឹកនាំ Haniyeh ត្រូវបានសម្លាប់នៅក្នុងទីក្រុង Tehran នៅចុងខែកក្កដា ប៉ុន្មានម៉ោងបន្ទាប់ពីបានចូលរួមក្នុងពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីអុីរ៉ង់ Masoud Pezeshkian ។
យោងតាមសារព័ត៌មាន Reuters បន្ទាប់ពីឧបទ្ទវហេតុនេះ អុីរ៉ង់បានសន្យាដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើអុីស្រាអែល ទោះបីជាប្រទេសនេះមិនបានបដិសេធ ឬទទួលស្គាល់តួនាទីណាមួយក្នុងការធ្វើឃាតក៏ដោយ។ មជ្ឈិមបូព៌ាបាននិងកំពុងរៀបចំសម្រាប់ការសងសឹកជាសាធារណៈរបស់អុីរ៉ង់ ប៉ុន្តែរហូតមកដល់ពេលនេះវាមិនបានកើតឡើងទេ។
លោក Alimohammad Naini អ្នកនាំពាក្យ IRGC បាននិយាយថា “ពេលវេលាគឺនៅខាងយើង ហើយការរង់ចាំសម្រាប់ការឆ្លើយតបនេះអាចមានរយៈពេលយូរណាស់” ។ លោក Naini ក៏បានបន្ថែមថា “សត្រូវ” គួរតែរំពឹងថានឹងមានការឆ្លើយតប “គណនា និងច្បាស់លាស់” ពីអុីរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានដកស្រង់សម្តីលោក Naini ដោយនិយាយថា មេដឹកនាំអុីរ៉ង់កំពុងពិចារណាលើកាលៈទេសៈ ហើយថាការឆ្លើយតបនេះមិនមែនជាការកើតឡើងម្តងទៀតនៃសកម្មភាពពីមុនរបស់អុីរ៉ង់នោះទេ។
អាមេរិកបានស្នើដល់សម្ព័ន្ធមិត្តដែលមានទំនាក់ទំនងជាមួយអុីរ៉ង់ដើម្បីបញ្ចុះបញ្ចូលប្រទេសនេះឱ្យកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការការពារអុីស្រាអែល ប៉ុន្តែបាននិយាយថា គ្រប់ភាគីនៅមជ្ឈិមបូព៌ា រួមទាំងអុីស្រាអែល គួរតែជៀសវាងពីការកើនឡើង។
លោក Blinken បាននិយាយថា ការបន្ធូរបន្ថយភាពតានតឹងមិនត្រឹមតែមានសារៈសំខាន់ក្នុងការទប់ស្កាត់ជម្លោះដ៏ធំមួយនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់បទឈប់បាញ់រវាងអុីស្រាអែល នឹងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សាផងដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានធ្វើទស្សនកិច្ចនៅតំបន់នោះក្នុងកិច្ចប្រឹងប្រែងមួយដើម្បីជំរុញបទឈប់បាញ់នៅហ្គាហ្សា៕ ដោយធីរីណា
រូបថត: Reuters