សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារ ទី២០ ខែសីហា បានធ្វើដំណើរទៅកាន់តំបន់ Chechnya និងបានជួបមេដឹកនាំ លោក Ramzan Kadyrov អំឡុងបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់តំបន់កូកាសខាងជើង (North Caucasus) មួយនេះចាប់តាំងពីឆ្នាំ២០១១មក។
លោក ពូទីន កាលពីខែឧសភាកន្លងទៅ ធ្លាប់បានប្រកាសថា លោកនឹងមានគម្រោងធ្វើទស្សនកិច្ចទៅកាន់តំបន់ឆេឆេនី តបតាមការអញ្ជើញរបស់លោក Kadyrov ហើយថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធ្វើឱ្យដំណើរទស្សនកិច្ចនេះកើតឡើង។ ដំណើរទស្សនកិច្ចរបស់លោក ពូទីននេះដែរ កើតមានឡើងចំពេលកងកម្លាំងរុស្ស៉ីកំពុងព្យាយាមវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk។
តាមវិមានក្រឹមឡាំង លោក ពូទីន និងលោក Kadyrov បានចុះត្រួតពិនិត្យកងទ័ព និងទាហានស្ម័គ្រចិត្តឆេឆេនី ដែលត្រៀមលក្ខណៈជាស្រេចដើម្បីប្រយុទ្ធជាមួយអ៊ុយក្រែន។
លោក ពូទីន បានតែងតាំងលោក Kadyrov ជាមេដឹកនាំតំបន់ឆេឆេនីក្នុងឆ្នាំ២០០៧ បន្ទាប់ពីឪពុករបស់លោក Kadyrov គឺលោក Akhmat Kadyrov ត្រូវបានគេធ្វើឃាតក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅឯពហុកីឡដា្ឋនមួយ ក្នុងឆ្នាំ២០០៤៕ ដោយធីរីណា
រូបថត: Sputnik