អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តបតាមការអញ្ជើញរបស់លោកMishustinនាយករដ្ឋមន្រ្តីរុស្ស៊ី នៅព្រឹកថ្ងៃទី២០ខែសីហា លោកលីឈាងនាយករដ្ឋមន្រ្តីចិនបានចាកចេញពីក្រុងប៉េកាំងតាមយន្តហោះ អញ្ជើញទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចជំនួបតាមពេលកំណត់លើកទី២៩រវាងនាយករដ្ឋមន្រ្តីចិននិងរុស្ស៊ី ព្រមទាំងបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី។នៅរសៀលថ្ងៃទី២០ខែសីហា តាមម៉ោងក្នុងតំបន់ លោកលីឈាងបានធ្វើដំណើរទៅដល់ព្រលានយន្តហោះVnukovoក្រុងមូស្គូ។ ភាគីរុស្ស៊ីបានរៀបចំពិធីអបអរស្វាគមន៍យ៉ាងឱឡារិកចំពោះលោក ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ លោកលីឈាងបានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្រ្តរបស់លោកប្រធានរដ្ឋចិនXiJinpingនិងលោកភូទីនប្រធានាធិបតីរុស្ស៊ី ទំនាក់ទំនងរវាងចិននិងរុស្ស៊ីក្នុងយុគសម័យថ្មីបានបញ្ចេញភាពរស់រវើកថ្មី ការកសាងទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរមានភាពកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានសមិទ្ធផលដ៏ធំធេង ចំណងមេត្រីភាពបានជ្រាបចូលទៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជន កិច្ចសហការអន្តរជាតិមានភាពជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាព ដែលបានបង្កើតជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មីនិងទំនាក់ទំនងរវាងមហាប្រទេសដែលនៅជិតខាងគ្នា។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោកលីឈាងបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកនៅរុស្ស៊ីលើកនេះគឺធ្វើឡើងក្នុងគោលបំណងអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ពង្រឹងនិងពង្រីកចំណងមេត្រីភាពឱ្យបន្តវេនទៅគ្រប់ជំនាន់ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅយុគសម័យថ្មីរវាងចិននិងរុស្ស៊ីនឹងមានអនាគតកាន់តែល្អបវរជាមិនខាន៕