ភ្នំពេញ÷ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើដល់និស្សិតដែលចេញទៅសិក្សានៅក្រៅប្រទេសឱ្យខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីត្រឡប់មកចូលរួមអភិវឌ្ឍប្រទេសជាតិ និងដើរតួនាទីជាភ្នាក់ងារផ្សព្វផ្សាយពីសក្កានុពលរបស់កម្ពុជា។
នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតទទួលជួបក្រុមនិស្សិតកម្ពុជា ដែលជាជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសសាធារណរដ្ឋកូរ៉េ ប្រទេសជប៉ុន ប្រទេសហុងគ្រី និងសាធាណរដ្ឋប្រជាមានិតចិន ចាប់ពីកម្រិតបណ្ឌិត អនុបណ្ឌិត និងបរិញ្ញាបត្រ ចំនួន ២៧ នាក់ ក្នុងនោះមានស្រី ១៧នាក់ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដើម្បីទទួលអនុសាសន៍ណែនាំ តម្រង់ទិសមុនចាកចេញទៅបំពេញបេសកកម្មនាពេលខាងមុខ។
ផ្តើមពីការចូលរួមអបអរសាទរដល់និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសទាំង៤ នាពេល នេះឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលធនធានមនុស្សកម្ពុជា ជាពិសេសសម្រាប់បណ្តានិស្សិតខ្មែរទៅសិក្សានៅក្រៅប្រទេស ដែលឯកឧត្តមជឿជាក់ថា ធនធានមនុស្សកម្ពុជា តែងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបុព្វហេតុកសាងកម្លាំងរួម ក្នុងការចូលរួមបន្តរក្សាភាពធន់ និងកសាងសមត្ថភាពជាតិ ដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា និស្សិតម្នាក់ៗ គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការចូលរួមសម្រេចចក្ខុ វិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹក នាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ភាពជោគជ័យរបស់និស្សិតទាំងអស់ គ្នានាពេលនេះ គឺជាភាពជោគជ័យរបស់ក្រុមគ្រួសាររបស់ខ្លួន ហើយក៏ជាភាពជោគជ័យនៃសង្គមជាតិ និងប្រទេសជាតិ ព្រោះយើងទាំងអស់គ្នាមានការផ្សារភ្ជាប់អនាគតរបស់យើងទៅនឹងអនាគតរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមខុងារសាធារណៈ ដែលមានវត្តមានក្នុងជំនួបនេះ ក៏បានចែករំលែកនូវបទពិសោធន៍ និងទស្សនៈមួយចំនួនពីការទៅបន្តការសិក្សានៅក្រៅប្រទេស ដែលខ្លួនធ្លាប់បានឆ្លង កាត់ និងជំរុញចិត្តដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីសាលា ក្នុងតួនាទីជាអ្នកផ្សព្វផ្សាយ និងធ្វើឱ្យគេស្គាល់ពីកម្ពុជា ដោយភាពជាតំណាងប្រទេសកម្ពុជា និងប្រជាជនខ្មែរ។ ក្នុងភាពជាតំណាង គួរខិតខំសិក្សាឈ្វេង យល់បន្ថែមពីអតីកាល ដែលនាំឱ្យកម្ពុជាឈានមកដល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដែលកើតចេញពីការលះបង់របស់ថ្នាក់ដឹកនាំចាស់ៗ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងបញ្ញាស្មារតីរបស់ពួកគាត់ទាំងអស់គ្នា។
សូមជូនពរប្អូនៗឱ្យទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញជាមួយនូវកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕