បុរសម្នាក់កាន់កាំភ្លើងស្វ័យប្រវត្តិបានបាញ់ប្រហារនៅសាលាមួយក្នុងក្រុង Sanski Most ដោយបានសម្លាប់នាយកសាលា គ្រូ និងលេខាសាលាម្នាក់។
ប៉ូលិសក្នុងប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណាបាននិយាយថា យ៉ាងហោចណាស់បុគ្គលិកបីនាក់នៅវិទ្យាល័យក្នុងទីប្រជុំជន Sanski Most ភាគខាងលិចប្រទេសត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារដែលបានកើតឡើងកាលពីថ្ងៃទី ២១ ខែសីហា។
ប៉ូលិសមូលដ្ឋានបាននិយាយថា នៅវេលាម៉ោង១០និង១៥នាទី ប៉ូលិសបានទទួលព័ត៌មានថា បុរសម្នាក់កាន់កាំភ្លើងស្វ័យប្រវត្តិបានបាញ់ប្រហារនៅសាលាខាងលើ។
ឧបទ្ទវហេតុនេះបានធ្វើឱ្យនាយកសាលាម្នាក់ គ្រូម្នាក់ និងលេខាសាលាម្នាក់ស្លាប់។ មិនមានសិស្សណាម្នាក់រងរបួសទេព្រោះសាលានៅវិស្សមកាលរដូវក្ដៅ។
ជនសង្ស័យបានព្យាយាមធ្វើអត្តឃាត បណ្តាលឱ្យរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងក្រុង Banja Luka ក្បែរកន្លែងកើតហេតុ ដើម្បីសង្គ្រោះបន្ទាន់ ។
អាជ្ញាធរកំពុងបើកការស៊ើបអង្កេតដើម្បីបញ្ជាក់ពីមូលហេតុនៃការបាញ់ប្រហារ។ ស្ថានីយទូរទស្សន៍ N1 បានដកស្រង់សម្តីសាក្សីថា សន្តិសុខសាលាម្នាក់ដែលមានទំនាស់ជាមួយគណៈគ្រប់គ្រងសាលា ហើយកំពុងរងទណ្ឌកម្ម ទើបបណ្តាលឲ្យមានការបាញ់ប្រហារខាងលើ៕ ដោយធីរីណា
រូបថត:profimedia