ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូនថៃ

ចែករំលែក៖

ទីក្រុងបាងកក ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ៖ ទីស្តីការក្រសួងដឹកជញ្ជូន នៅទីក្រុងបាងកក នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណប្រតិភូជាន់ខ្ពស់ ដែលរួមមានថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជាន់ខ្ពស់មកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Surapong Piyachote អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ។

កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណងពង្រឹងនូវកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនរវាងប្រទេសទាំងពីរ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការ លើការដឹកជញ្ជូនតាមផ្លូវដែកឆ្លងដែន រវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការនៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។

ឆ្លៀតក្នុងឱកាសនេះផងដែ លោកស្រីរដ្ឋលេខាធិការប្រចាំការបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជូនចំពោះឯកឧត្ដមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ព្រមទាំងលើកឡើងពីសារ:សំខាន់នៃកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនផ្លូវដែកឆ្លងដែនរវាងប្រទេសថៃ និងកម្ពុជាកន្លង។

សមិទ្ធផលដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ថៃ គឺការសាងសង់ស្ពានរថភ្លើងមិត្តភាពថៃ-កម្ពុជា ដែលបានបញ្ចប់នៅឆ្នាំ ២០១៥ ហើយផ្លូវដែកនៃប្រទេសទាំងពីរត្រូវបានភ្ជាប់ឡើងវិញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីតភ្ជាប់ផ្លូវពីប៉ោយប៉ែត ទៅ Aranyaprathet ប្រទេសថៃ។ សមិទ្ធផលបានជួយធ្វើឱ្យការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងអ្នកដំណើររវាងប្រទេសថៃ និងកម្ពុជាកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះផងដែរ ភាគីទាំងពីរបានឯកភាពរៀបចំក្រុមការងារបច្ចេកទេសរួមគ្នាសម្រាប់កិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនតាមផ្លូវដែក និងតាមផ្លូវគោករវាងប្រទេសថៃ និងកម្ពុជា ដើម្បីជំរុញទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃ ឱ្យមានភាពសមស្រប និងស្របតាមគោលនយោបាយ និងផលប្រយោជន៍នៃប្រទេសទាំងពីរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print