ភ្នំពេញ ៖ ស្របពេលដែលក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ជាលេសបំផុសបំផុល ញុះញង់ អុជអាល និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឱ្យចូលរួមធ្វើកុបកម្មហិង្សាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់, កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ មានឃ្លីបវីដេអូមួយជាភាសាចិន ដែលបានផ្សព្វផ្សាយព័ត៌មានក្លែង ក្លាយថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំង ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល និងបានសម្រុក ចូលទីស្តីការគណៈរដ្ឋមន្ត្រី ចាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូល ក្នុងគេហដ្ឋានចាប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។
ក្រសួងការពារជាតិ សូមប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះឃ្លីបវីដេអូនេះ ដែលបានចោទ ប្រកាន់ទាំងកំរោលដោយគ្មានភស្តុតាង មកលើថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាល ជាកងកម្លាំងស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតពីការបោះឆ្នោត និងប្រកាន់ជំហរ យ៉ាងរឹងមាំឥតងាករេក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។
ចេតនាបំភ្លៃការពិត និងញុះញង់ដ៏អាក្រក់ និងគួរឱ្យស្អប់ខ្ពើមបំផុតនេះ គឺជាទង្វើដែលមិនអាចអត់ ឱនឱ្យបានឡើយ។ ក្រសួងការពារជាតិនឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីនាំខ្លួនក្រុមអគតិជ្រុលនិយម និងអ្នកពាក់ព័ន្ធដទៃទៀត ឱ្យមកទទួលខុសត្រូវពេញលេញចំពោះមុខច្បាប់ឱ្យបានជាដាច់ខាត។
ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃក្រសួងការពារ ជាតិ និងកងយោធពលខេមរភូមិន្ទ សូមប្រកាសជាឱឡារិក ប្តេជ្ញាស្មោះត្រង់ដាច់ខាតការពាររាជរដ្ឋាភិបាល ស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងប្តេជ្ញាការពារនិងទប់ស្កាត់មិនឱ្យក្រុមណា ឬមជ្ឈដ្ឋានណាអាចមកបំផ្លាញសាមគ្គី ភាពផ្ទៃក្នុងជាតិ សុខសន្តិភាព ស្ថិរភាពជាតិ សណ្តាប់ធ្នាប់សង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ ៕