ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី «ទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ» នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវយ៉ាងទទូចដល់សារៈមន្ទីរ និងស្ថាប័ននានានិងអ្នករក្សាទុកវត្ថុបុរាណខ្មែរ ឱ្យបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាដែលជាម្ចាស់ដើមវិញនោះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព មិនត្រឹមតែបង្ហាញពីក្រមសីលធម៌ក្នុងការចូលរួមលើកតម្លៃវប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដ៏ឧត្តុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តថា ៖ ការទទួលបានបុរាណវត្ថុខ្មែរត្រលប់មកវិញនៅពេលនេះ បង្ហាញពីការជួបជុំនៃព្រលឹងដូនតាខ្មែរ ដែលនៅជាប់ជានិច្ចជាមួយនឹងប្រជាពលរដ្ឋខ្មែរ។ សម្ដេចធិបតីបន្ថែមថា សង្គ្រាម, ការបែកបាក់ជាតិ បានធ្វើឱ្យបុរាណវត្ថុទាំងនេះត្រូវបែកចេញពីកម្ពុជា។ សន្តិភាពមិនត្រឹមតែផ្ដល់នូវភាពសុខសាន្ត និងការរីកចម្រើនដល់កម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានធ្វើឱ្យកម្ពុជាទទួលបានមកវិញនូវបុរាណវត្ថុទាំងនេះផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ កម្ពុជាកំពុងធ្វើការស្រាវជ្រាវជាបន្តដើម្បីស្វែងរកវត្ថុបុរាណខ្មែរដែលបានបាត់បង់ទៅពីបណ្ដាប្រទេសជាមិត្តនានាបន្ថែមទៀត។ ខណៈការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញ សង្កាត់ម៉ាន់ហាថាន៕