សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល១ឆ្នាំមកនេះ រាជរដ្ឋាភិបាលអាចរក្សាបាននូវស្ថិរភាព សន្តិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ «ខួប១ឆ្នាំ» របស់រាជរដ្ឋាភិបាល គឺយើងអាចរក្សាបាននូវស្ថិរភាព សន្តិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋ ពោលគឺយើងអាចប្រារព្ធពិធីទទួលវត្ថុបុរាណបានយ៉ាងរលូន ព្រោះននៅទូទាំងប្រទេសមិនមានភ្លើងសង្រ្គាម មិនមានការបែកបាក់ ឬការកាប់ចាក់នៅតាមមូលដ្ឋាននោះទេ ហើយយើងរួមគ្នាទទួលនូវព្រលឹងបុព្វបុរសយើងដោយស្មារតីសាមគ្គីភាពក្រោមម្លប់នៃសុខសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ សមិទ្ធផលថ្ងៃនេះក៏ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល និងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយបណ្តាប្រទេសនានា និងសហគមន៍អន្តរជាតិផងដែរ នៅក្នុងយុទ្ធនាការសកលដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើចោរកម្ម ការចរាចរនិងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច «អញ្ជើញទទួលវត្ថុបុរាណខ្មែរនៅវិមានសន្តិភាព» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូសរំលេចពីអត្ថន័យដ៏សំខាន់២ នៃការវិលត្រឡប់នូវបេតិកភណ្ឌទាំងនេះមកមាតុភូមិកំណើតរបស់ខ្លួន នោះគឺសន្តិភាព និងទំនុកចិត្តលើសមត្ថភាពស្ថាប័ន។
ចំពោះអត្ថន័យសំខាន់ទី១ ៖
-សន្តិភាព គឺពិតជាមានសារសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេពក៏ត្រូវការនូវសន្តិភាពសម្រាប់ការជួបជុំវង្សត្រកូលឡើងវិញដែរ។ ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសន្តិភាពនិងឯកភាពជាតិរបស់កម្ពុជា ជាពិសេសបន្ទាប់ពីជោគជ័យដ៏ត្រចះត្រចង់នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានក្លាយជាទីដ្ឋានដ៏កក់ក្តៅ មានសុវត្ថិភាពសម្រាប់ការវិលត្រឡប់នូវអាទិទេពដែលជានិមិត្តរូបនៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ។
សម្ដេចបានបន្តថា ប្រសិនបើគ្មានសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាក៏ពុំមានឱកាសបានគិតគូរប្រមូលផ្ដុំធនធាន ដើម្បីប្រយុទ្ធនិងទាមទារនូវបេតិកភណ្ឌទាំងនេះត្រឡប់មកវិញឡើយ។
បើគ្មានសន្តិភាព មិត្តបរទេសរបស់កម្ពុជាក៏មិនសហការជួយជ្រោមជ្រែង ទំនុកបម្រុងឱ្យបេតិកភណ្ឌទាំងនេះត្រឡប់មកស្រុកកំណើតវិញដែរ ពីព្រោះបណ្ដាមិត្តអន្តរជាតិនានាក៏មានកាតព្វកិច្ចជួយការពារបេតិកភណ្ឌដូចៗគ្នា ហើយពួកគេពិតជាមិនអាចបញ្ចូនបេតិកភណ្ឌដែលមានតម្លៃមហាសាលទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាម អសន្តិសុខ និងចលាចលនោះឡើយ។
សម្ដេចបានសង្កត់ធ្ងនថា សន្តិភាពងាយក្នុងការបាត់បង់ណាស់ ប៉ុន្តែពិបាកនៅក្នុងការរកមកវិញ ហើយប្រសិនបើរកបានក៏ត្រូវការពេលវេលានិងការលះបង់ច្រើនណាស់ដែរ ហេតុដូច្នេះហើយរាជរដ្ឋាភិបាលគឺបានប្ដេជ្ញាចិត្តថានឹងបន្តថែរក្សាឱ្យបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។
ចំពោះអត្ថន័យសំខាន់ទី២ ៖
-នោះគឺទំនុកចិត្តនិងការទទួលស្គាល់សមត្ថភាពស្ថាប័នរបស់កម្ពុជាក្នុងការប្រយុទ្ធ តតាំង ការពារ ក៏ដូចជាសមត្ថភាពថែរក្សាបេតិកភណ្ឌឱ្យបានគង់វង្ស សក្ដិសមជាប្រទេសកំណើតដើមនៃបេតិកភណ្ឌទាំងនោះ។ ទាល់តែគេជឿទុកចិត្តលើសមត្ថភាពស្ថាប័នរបស់កម្ពុជា ទើបមិត្តបរទេស ក៏ដូចជាសហគមន៍អន្តរជាតិខិតខំសហការជួយបំផុសបំផុលចលនាការពារបេតិកភណ្ឌជាមួយកម្ពុជា ព្រោះគេទុកចិត្តថាកម្ពុជាមានសមត្ថភាពគ្រប់គ្រង ថែរក្សា និងមានឆន្ទៈខ្ពស់បំផុតក្នុងការខិតខំផ្សព្វផ្សាយ និងលើកស្ទួយគុណតម្លៃនៃបេតិកភណ្ឌទាំងនោះទៅកាន់សហគមន៍អន្តរជាតិ ក្នុងនាមជាប្រជាជាតិម្ចាស់ដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print