សេចក្តីប្រកាសថ្កោលទោស របស់អ្នកនាំពាក្យ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា!

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសថ្កោលទោស

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា សូមប្រកាសថ្កោល ទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះជនអនាមិក ដែលថ្មីៗនេះបានក្លែងឯកសារ និងបញ្ចូលសម្លេងផ្សព្វផ្សាយតាម បណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ។

ជាថ្មីម្តងទៀត អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង សូមប្រកាសជាឱឡារិកថានេះជាព័ត៌មាន មូលបង្កាច់ បំផ្លើសការពិតដែលមានចរិតញុះញង់ លាបពណ៌ និងបំបែកបំបាក់ ផ្ទុយទាំងស្រុងពីសេចក្តីប្រកាស ព័ត៌មានរបស់ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៤ ។

សម្តេចក្រឡាហោម គ្មានមហិចតាណាបន្តិចបន្តួចទាល់តែសោះ ចង់ធ្វើជានាយករដ្ឋមន្ត្រី នា ពេលខាងមុខនេះទេ។ សម្តេចក្រឡាហោម នៅតែបន្តចូលរួមនិងគាំទ្រឥតងាករេ ចំពោះការសម្រេចចិត្តរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន គណបក្ស និងបន្តជួយគាំទ្ររាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលបន្តវេននេះ សម្រាប់អាណត្តិខាងមុខៗបន្តទៀត ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

រាល់គំនិត និងសកម្មភាពអគតិរបស់ក្រុមមាននិន្នការជ្រុលនិយមដែលបានធ្វើការផ្សព្វផ្សាយនាពេលថ្មី នេះគឺក្នុងយុទ្ធសាស្ត្រ ដើម្បីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបំណងបម្រើ មហិច្ចតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ។ សម្តេចក្រឡាហោម ស ខេង បានធ្វើការគូសបញ្ជាក់រួចហើយ និងបានធ្វើការអំពាវនាវ ដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុល និយម ដែលកំពុងតែលេងល្បែងនយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់។

សម្តេចបានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖ “ការផ្សព្វផ្សាយនេះមិនមែនជាការពិត ជាការ បោកប្រាស់ បែបប្រជាភិថុតសុទ្ធសាធ ដែលត្រូវបដិសេធដាច់អហង្ការ និងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរ”៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print