ភ្នំពេញ៖ សួនច្បារ មុខវត្តបុទុមវតី ដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការជួសជុល កែលម្អទាំងស្រុងឡើងវិញនោះ ពេលនេះស្ថាបនាបានជាង៩០% ហើយការងារបន្ត អង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងសម្រុកដាំស្មៅ និងដាំដើមឈើជំរុញឲ្យរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌឆាប់ៗនេះ ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា សួនច្បារមុខវត្តបុទុមវតីត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើការជួសជុល កែលម្អឡើងវិញ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ ស្ថាបនាជិតរួចរាល់ហើយ ហើយពេលនេះក្រុមការងារបាន នឹងកំពុងខិតខំជំរុញឲ្យរួចរាល់មុនបុណ្យភ្ជុំបិណ្ឌនេះសម្រាប់ការងារសួនច្បារ និងការក្រាលថ្មក្រាលនីត ចំណែកឯបង្គន់អនាម័យវិញនៅច្រើន។ តែទោះជាយ៉ាងណាការងារជារួមនឹងជំរុញឲ្យរួចរាល់មុនបុណ្យអុំទូកតែម្តង ។ លោកបន្តថា ចំពោះការងារសួនច្បារដែលអង្គភាពរបស់លោក បាន និងកំពុងអនុវត្តន៍ មានក្រាលស្មៅ៩,២០០ម៉ែត្រការ៉េ ដាំផ្កា១,២០០ម៉ែត្រការ៉េ ដាំដើមឈើ២០ដើម កាប់លះមែកឈើ១៨៣ដើម និងចាក់ដីទន្លេចំនួន៦៩៥ម៉ែត្រគូបផងដែរ ។
ក្នុងពេលចុះពិនិត្យការដ្ឋានជួសជុលកែលម្អសួនមុខវត្តបុទុមវតី កាលពីពេលថ្មីៗនេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើការកែលម្អសួនច្បារជាច្រើនកន្លែងទៀតក្នុងរាជធានីភ្នំពេញដែលមាន៦៨កន្លែង ស្មើនឹង៦៩ហិកតា ដោយចាប់ផ្តើមពីភូមិសាស្រ្តខណ្ឌដូនពេញមុនគេ ។ លោកបន្តថា សួនច្បារ និងរមណីយ៍ដ្ឋានមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញជួសជុលកែលម្អដោយប្តូរមករៀបចំក្រាលថ្មក្រានីតរួចមកហើយ ដូចជា សួនវិមានឯករាជ្យរមណីយដ្ឋានវត្តភ្នំ សួនមាត់ទន្លមុខព្រះបរមរាជវាំង សួនមុខសក្យមុនីចេតីយ៏ ចំណែកសួនច្បារដែលត្រៀមចាប់ផ្តើម និងកំពុងអនុវត្តន៏ មានសួនមុខវត្តបុទុមវត្តីសួនរង្វង់មូលចេនឡា និងសួនច្បារកុមារពោធិ៍ចិនតុង ជាដើម ហើយក៏នៅមានសួនច្បារមួយចំនួននឹងត្រូវធ្វើការកែលំម្អជាបន្តបន្ទាប់ទៀត ក្នុងបំណងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ជាពិសេសសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលធ្វើដំណើរកំសាន្តសប្បាយ និងហាត់ប្រាណឲ្យមានខ្យល់អាកាសបរិសុទ្ធផងដែរ ។
សូមបញ្ជាក់ថា សួនច្បារ មុខវត្តបុទុមវត្តី ដែលរដ្ឋបាលរាជធានីភ្នំពេញធ្វើការជួសជុល កែលម្អឡើងវិញនេះ ដោយមានការកំណត់ជាតំបន់ប្រគុំតន្ត្រី សួនកំសាន្តរបស់កុមារ តំបន់សង់ទីម៉ង់ លំហែលកាយ ហាត់ប្រាណ និងទីកន្លែងសម្រាប់បូជាសពជាដើម ៕
ដោយ៖ សហការី