ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីបច្ចុប្បន្នភាពស្ថានភាពនយោបាយ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងគណៈកម្មាធិការសាខាគណបក្សក្រសួងមុខងារសាធារណៈ សរុបប្រមាណ ៤៥០នាក់។
លោកឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការគណបក្សក្រសួង បានលើកឡើងថា ថ្ងៃនេះជាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ ជាថ្ងៃខួប ១ឆ្នាំនៃការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានប្រសូត្រចេញមកពីការបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋ៨០% ក្នុងចំណោម ៨២% នៃអ្នកចុះឈ្មោះបោះឆ្នោតសរុប បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យដឹកនាំរាជរដ្ឋាភិបាលបន្ត។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ មានគោលបំណងចែករំលែក និងផ្សព្វផ្សាយជូនសមាជិក សមាជិកានៃគណបក្សក្រសួងមុខងារសាធារណៈ អំពីស្ថានភាពនយោបាយបច្ចុប្បន្ន ដែលបានកើតឡើង និងកំពុងជះឥទ្ធិពលមកលើសតិអារម្មណ៍មហាជន ជាពិសេសការសង្ស័យនូវការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងរយៈពេល ១ឆ្នាំ ជារួមស្ថានភាពនយោបាយមានភាពស្ងប់ស្ងាត់ ដែលជាកត្តាបង្កជាបរិយាកាសអំណោយផលឱ្យរាជរដ្ឋាភិបាល បានផ្តោតអារម្មណ៍ខ្ពស់ និងយកចិត្តទុកដាក់ទាំងស្រុង លើការពង្រឹងខ្លួន ដើម្បីបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ ដើម្បីកំណើនការងារសមធម៌ និងចីរភាព ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជា២០៥០ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតសំខាន់លើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ក្នុងរយៈពេល ១ឆ្នាំទៅនេះ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីនយោបាយអាទិភាពទាំង៦។
រាជរដ្ឋាភិបាលកម្ពុជា បានជំរុញវិធានការគន្លឹះចំនួន៥ ដែលក្នុងនោះ សម្រាប់ក្របខណ្ឌក្រសួងមុខងារសាធារណៈ ក្រៅពីការអនុវត្តការងារស្នូល យើងក៏កំពុងជំរុញឱ្យសម្រេចជាសមិទ្ធផលជាបន្តបន្ទាប់ នូវវិធានការគន្លឹះការកែទម្រង់រដ្ឋបាលសាធារណៈ។ យើងទាំងអស់គ្នាបានពង្រឹងការងារស្នូល ក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ រួមមានការរៀបចំបៀវត្សមន្ត្រីរាជការ ២ដងក្នុង ១ខែ ការគ្រប់គ្រងទិន្នន័យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការគ្រប់គ្រងស្ថានភាពរដ្ឋបាល និងការរៀបចំទាន់ពេលក្នុងការដំឡើងបៀវត្សមូលដ្ឋាន និងប្រាក់បំណាច់មុខងារ ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពមន្ត្រី ក៏ដូចជាការធ្វើបច្ចុប្បន្នភាពទីប្រឹក្សា ជំនួយការជាដើម។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានបំពេញការងារយ៉ាងសកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល លើការជ្រើសរើសមន្ត្រីរាជការ ការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការពង្រឹងវត្តមានមន្ត្រី ការធ្វើបច្ចុប្បន្នភាពមន្ត្រី ជាពិសេសការធ្វើការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលកំពុងដំណើរការយ៉ាងសកម្ម។
បន្ថែមពីលើសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាសមិទ្ធផលដែលក្រសួងមុខងារសាធារណៈ សម្រេចបាន លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីមតិប្រតិកម្មជាច្រើននៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា-ឡាវ-វៀតណាម (CLV) និងចំណុចអវិជ្ជមានរបស់ក្រុមមួយក្តាប់តូចដែលបានធ្វើការញុះញង់អុចអាល ដែលមានចេតនាបង្កភាពវឹកវរ និងបំភ្លើស ចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា កាត់ទឹកដីឱ្យប្រទេសជិតខាង ទោះបីជាការបកស្រាយ និងពន្យល់យ៉ាងក្បោះក្បាយ របស់សម្តេចតេជោ សម្តេចធិបតី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អំពីប្រវត្តិ ដំណាក់កាល និងមូលដ្ឋាននៃការគិតគូរលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៃការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការនេះ សម្រាប់ជាឧត្តមប្រយោជន៍ដល់តំបន់ សហគមន៍ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះក៏ដោយ។ រហូតដល់ប្រកាសធ្វើការប្រមូលផ្តុំ ដែលអាចបង្កជាហឹង្សា ប្រសិនបើគ្មានការទប់ស្កាត់ពីកងកម្លាំងមានសមត្ថកិច្ច។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់សមាជិក សមាជិកាទាំងអស់ គួរស្វែងយល់ ធ្វើជាសាក្សី និងជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជា ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង និងជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងគោលនយោបាយគណបក្ស ព្រមទាំងទស្សនវិស័យដឹកនាំរបស់សម្ដេចធិបតី ឱ្យក្លាយទៅជាលទ្ធផល និងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ ប្រកបដោយប្រសិទ្ធភាព ដើម្បីកសាងជំនឿទុកចិត្តពីប្រជាជន៕