សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ផ្តល់សារៈសំខាន់ចំពោះការលើកកម្ពស់ជីវភាពរស់នៅរបស់មន្រ្តីរាជការ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ចំពោះការងារសង្គមកិច្ច រាជរដ្ឋាភិបាល ក៏បានផ្តល់សារៈសំខាន់ចំពោះការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរួមទាំងមន្រ្តីរាជការផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល បានសម្រេចដំឡើងតម្លៃឯកតានៃសន្ទស្សន៍បៀវត្សរ៍មូលដ្ឋានសម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពី២៥០០រៀលទៅចំនួន២៦៣០រៀលក្នុងមួយសន្ទស្សន៍ ដែលបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ រាជរដ្ឋាភិបាល ក៏បានដំឡើងប្រាក់បំណាច់មុខងារជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធចន្លោះពី២ម៉ឺន ទៅ២ម៉ឺន៥ពាន់រៀលតាមកម្រិតដែលចាប់អនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្រ្តីជាប់កិច្ចសន្យាពីចំនួន៧១ម៉ឺនរៀល ទៅ៧៧ម៉ឺនរៀលដែលចាប់អនុវត្តកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក៏បានសម្រេចប្រាក់ឧបត្ថម្ភប្រចាំខែជូនគរុសិស្ស គរុនិស្សិត និងសិស្សមន្រ្តីប្រឡងជាប់ ក្នុងពេលបណ្តុះបណ្តាលនៅគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ត្រូវកំណត់យក៧០%នៃបៀវត្សរ៍សរុបដើម្បីលើកទឹកចិត្តដល់ការជ្រើសរើសធនធានមនុស្សដែលល្អដើម្បីក្លាយទៅជាអ្នកអប់រំនៅក្នុងវិស័យអប់រំរបស់យើង។
ដោយឡែកវិស័យទេសចរណ៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបញ្ជាក់ថា ៖ រយៈពេល១ឆ្នាំនេះ ពាក់ព័ន្ធនឹងវិស័យទសចរណ៍ ទោះបីជាមិនទាន់ត្រូវបានស្ដារឡើងវិញទាំងស្រុងដូចមុនវិបត្តិកូវីដ-១៩ ក៏ដោយ ក៏ប៉ុន្ដែចំនួនទេសចរមកកាន់ប្រទេសកម្ពុជាមានចំនួនវិជ្ជមាន។ ជាក់ស្ដែង៦ខែដើមឆ្នាំ២០២៤ មានភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនានៅកម្ពុជាមានកំណើនដល់ ២២,៧ ភាគរយ គឺកើនដល់ ៣,២ លាននាក់ បើធៀបនឹង ២,៦ លាននាក់ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៣ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print