រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបសម្តែងការគួរសមជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០២៤លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកWang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបត្រូវបានតែងតែងថ្មី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជាន់ខ្ពស់នៃសា្ថនទូតចិនប្រចាំកម្ពុជា។

លោករដ្ឋមន្រ្តីសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរមសាទរចំពោះលោកWang Wenbin ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា។ លោករដ្ឋមន្រ្តី ក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រមានិតចិន ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនេះ លោករដ្ឋមន្រ្តីក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតចិន អំពីចក្ខុបវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ពិសេសផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលផ្តោតអាទិភាពចម្បងលើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធទាំងផ្នែករឹង និងទន់ សំដៅបង្កើនការតភ្ជាប់ និងភាពប្រទាក់ក្រឡា ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ជាមួយ គ្នានេះ លោករដ្ឋមន្រ្តីសង្ឃឹមជឿជាក់ថា រដ្ឋាភិបាលចិននឹងបន្តគាំទ្រដល់កម្ពុជាបន្ថែមទៀត ពិសេសគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាជំរុញការវិនិយោគឯកជន និងទាក់ទាញភ្ញៀវទេសចរណ៍ចិនមកកម្ពុជា។

ជាការឆ្លើយតបឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណលោករដ្ឋមន្រ្តីចំពោះការសា្វគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយក្នុងការបានបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងចិន និងកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូននាពេលកន្លងមក។ ជាមួយគ្នានេះឯកអគ្គរដ្ឋទូតក៏បានសម្តែងការអបអរ សាទរចំពោះខួប១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ ព្រមទាំងសន្យាបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យសាធារណការ និងដឹកជញ្ជូន។

...

ជាចុងក្រោយ លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា និងឯកអគ្គរដ្ឋទូត Wang Wenbin បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងចិន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print