ខេត្តតាកែវ៖ អធិការដ្ឋាននគរបាលស្រុកបាទីបានឱ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះថា កម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជាប់ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីគំរាមកំហែង (ដោយប្រើប្រាស់អាវុធ) ។
សមត្ថកិច្ចបានបន្តថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យឈ្មោះ វង្ស សុខណេង ភេទប្រុស អាយុ ១៨ឆ្នាំ ដែលធ្វើសកម្មភាពយកកំបិតចុងស្រួចចំនួន ០១ដើមទៅភ្ជង់សម្លុតគំរាមកំហែងយកប្រាក់ពីជនរងគ្រោះឈ្មោះ ញ៉ែម រស្មី ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិព្រហូត ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ។ បន្ទាប់ពីរត់គេចអស់រយៈពេល ២១ថ្ងៃមកនេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កំណត់ទីតាំងដែលជនសង្ស័យរត់គេចខ្លួនបានទៅស្នាក់នៅឯស្រុកកំណើតស្ថិតនៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖សុខាសែនជ័យ