ចុងសប្តាហ៍រំលឹកពី ! សកម្មភាពការងារ និងគោលការណ៍ណែនាំសំខាន់ៗប្រចាំសប្ដាហ៍ របស់ លោកអភិសន្តិបណ្ឌិត ស សុខា ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ផ្ដើមពីថ្ងៃអាទិត្យទី១៨ ខែសីហា លោកអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងជួរមុខការពារសន្តិសុខ សណ្តាប់ធ្នាប់ នៃអង្គភាពតម្រួតបទបញ្ជា នាយកដ្ឋាននគរបាលការពារ និងអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅបរិវេណទីស្តីការក្រសួងមហាផ្ទៃ និងបានឧបត្ថម្ភនូវអង្ករចំនួន១០តោន មីចំនួន១០០កេសធំ ត្រីខកំប៉ុងចំនួន៥០កេស និងទឹកសុទ្ធចំនួន៥០០កេស ជូនដល់កងកម្លាំង។

បន្តមកដល់ថ្ងៃទី១៩ ខែសីហា លោកអភិសន្តិបណ្ឌិត បានដឹកនាំកិច្ចប្រជុំស្ដាប់ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារជំនាញ ព្រមទាំងដាក់ចេញនូវគោលការណ៍អនុវត្តបន្ត ពាក់ព័ន្ធនឹងតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មុននឹងអញ្ជើញជាអធិបតី នៃទិវាជាតិអន្តរសាសនា ក្រោមប្រធានបទ «ការអប់រំសីលធម៌ តាមវិស័យសាសនា បង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល» រៀបចំនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាថ្ងៃទី២០ ខែសីហា។

ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកអភិសន្តិបណ្ឌិត កត់សម្គាល់ថា ភាពរឹងមាំនៃសាមគ្គីជាតិ បានបង្ហាញតាមរយៈភាពសុខុដុមរមនាសាសនា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រឹស្តសាសនា និងបានស្នើឱ្យគ្រប់សាសនា ចូលរួមសកម្មភាពការអប់រំ បង្ការទប់ស្កាត់បទល្មើស ជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធ ព្រមទាំងជួយបង្កលក្ខណៈងាយស្រួលដល់សកម្មភាពបែបសាសនាអប់រំប្រជាជន ដើម្បីធានាបាននូវការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។

រសៀលថ្ងៃទី២០ ខែសីហាដែលនោះ លោកភិសន្តិបណ្ឌិត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងសប្ដាហ៍នេះ លោកអភិសន្តិបណ្ឌិត ក៏ទើបតែចាត់លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំដូចគ្នានេះសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ។ ជាការកត់សម្គាល់ កិច្ចប្រជុំនេះ បានកំណត់ប្រធានបទ និងកម្រងសំណួរជាក់លាក់ដែលរដ្ឋបាលរាជធានី ខេត្ត ត្រូវពន្យល់បង្ហាញជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

ឈានចូលថ្ងៃទី២១ ខែសីហា លោកអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី និងសម្ពោធសមិទ្ធផលនានារបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ សាកលវិទ្យាល័យនេះ ទទួលជោគជ័យលើការបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាសរុបចំនួន២ ០២៤នាក់ ស្រី ១ ២៥៧នាក់ និងមាននិស្សិតចំនួន៩២% មានការងារធ្វើក្រោយពីបញ្ចប់ការសិក្សា ដើម្បីបំពេញតម្រូវការសង្គម និងទីផ្សារការងារ ក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចជាតិ។

ចប់កម្មវិធីនៅសាកលវិទ្យាល័យជាតិបាត់ដំបង លោកអភិសន្តិបណ្ឌិត នាព្រឹកថ្ងៃដដែលនោះ បានបន្តជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅទីលានតារាងបាល់ទាត់សាកលវិទ្យាល័យជាតិបាត់ដំបង។ លោកអភិសន្តិបណ្ឌិត បានណែនាំកងកម្លាំងទាំងអស់បន្តយកចិត្តទុកដាក់ទប់ស្កាត់សកម្មភាពខុសច្បាប់ក្នុងសង្គម គោរពវិន័យ និងមានក្រមសីលធម៌។ លោកក៏បានផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនូវអង្ករចំនួន១០តោន មីចំនួន៥០កេសធំ ត្រីខកំប៉ុងចំនួន៥០កេស និងទឹកបរិសុទ្ធចំនួន៥០០កេសផងដែរ។

មកដល់ព្រឹកថ្ងៃទី២២សីហា ក្នុងនាមប្រធានសហព័ន្ធ លោកអភិសន្តិបណ្ឌិត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដោយបានជំរុញឱ្យសហព័ន្ធ និងកីឡាករ ខិតខំពង្រឹងសមត្ថភាពត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ខាងមុខៗឱ្យបានលទ្ធផលល្អ ដើម្បីជាមូលដ្ឋានពិចារណារៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រណាំងទូកនាគ។ រសៀលថ្ងៃដដែល លោកបានបន្តដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំនៅប្រទេសឡាវនាពេលខាងមុខ។

សម្រាប់ព្រឹកថ្ងៃសុក្រទី២៣ ខែសីហ លោកអភិសន្តិបណ្ឌិត បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារៈចំនួន៣ ក្នុងនោះក៏មានរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ផងដែរ។ រសៀលថ្ងៃដដែល លោក បានអញ្ជើញជួបសំណេះសំណាលជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ មុននឹងបន្តចូលរួមក្នុងពិធីពុទ្ធាភិសេកព្រះអង្គធំកម្ពស់៩ម៉ែត្រ នៅវត្តគិរីរុក្ខរាម ថ្មរមៀល នាព្រឹកថ្ងៃសៅរ៍។

ជាប្រការគួរឱ្យសម្គាល់ សម្រាប់សប្ដាហ៍នេះ លោកអភិសន្តិបណ្ឌិត ផ្ទាល់ និងតាមរយៈអ្នកនាំពាក្យ ក៏បានមានប្រសាសន៍ និងធ្វើសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ដើម្បីបដិសេធការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាច្រើន ដែលក្រុមប្រឆាំងនិងជនអគតិ បានបំផុសបំផុលសាធារណជនឱ្យភ័ន្តច្រឡំលើរូបឯកឧត្តម និងសម្ដេចក្រឡាហោម ស ខេង ជាអាទិ៍ បានក្លែងថាមានផែនការកាន់មុខតំណែងនាយករដ្ឋមន្រ្តី ក្លែងថាត្រូវសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុនម៉ាណែត ហ៊ុមព័ទ្ធផ្ទះ ជាដើម ដែលការផ្សាយទាំងនោះ សុទ្ធតែផ្ទុយពីការពិត គ្មានសច្ចធម៌ និងបង្កប់ដោយចេតនាស្មោគគ្រោក ហើយដែលទីបំផុតគ្មានបានផលអ្វី ក្រៅតែពីធ្វើឱ្យគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល កាន់តែមានសាមគ្គីភាពរឹងមាំឡើងៗ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print