ខេត្តត្បូងឃ្មុំ ៖ លោក ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាតំណាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដឹកនាំថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន យុវជនកម្ពុជា រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់និងប្រជាពលរដ្ឋ ជាច្រើននាក់ ចូលរួមដាំកូនឈើ (ឈើហូបផ្លែ និងដើមក្ងោក) ចំនួន១០០០ ដើម នៅក្នុងតំបន់ទន្លេស្ងួត នៅក្នុងភូមិសាស្រ្តភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោក ង៉ូវ បូរីណា បានថ្លែងថា យុទ្ធនាការដាំដើមឈើនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការការពារ ថែរក្សាបរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាពេលអនាគត នៅតំបន់វប្បធម៌ ប្រវត្តិសាសស្រ្តបុរាណ របស់អាណចក្រខ្មែរ តំបន់ប្រាសាទព្រះធាតុបាស្រី និងទន្លេស្ងួត ដែលកន្លងមក ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំអភិវឌ្ឍន៍ ដោយលោកបណ្ឌិត អ៊ាង សុផល្លែត។ តំបន់ទន្លេស្ងួត បានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ ស្រះទឹក កន្លែងជិះទោងវិល កន្លែងកម្សាន្តបៃតង តំបន់ទេសភាព ផ្កាស្បៃរឿង១លានគុម្ព និងសមិទ្ធផលមួយចំនួនទៀត ដែលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សហគមន៍មូលដ្ឋានយ៉ាងសំខាន់។
ក្នុងពិធីដាំកូនឈើនេះដែរ លោក ង៉ូវ បូរីណា បានជំរុញឱ្យបន្តការចូលរួម និងសហការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីមូលដ្ឋានស្អាត សង្គមស្អាត កម្ពុជាស្អាត និងការពង្រឹងការចូលរួមដាំដើមឈើ ការពារព្រៃឈើ បង្កើនគម្របបៃតង នៅពេលអនាគត ដើម្បីសហគមន៍មានភាពបៃតង និងកូនចៅជំនាន់ក្រោយស្គាល់ពីតម្លៃនៃធនធានធម្មជាតិទាំងនេះ៕