ការចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះវិស័យអប់រំនៅសាលាបឋមសិក្សាត្រពាំងក្អែក ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សា ត្រពាំងក្អែក ស្ថិតនៅភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

សាលាបឋមសិក្សាត្រពាំងក្អែកកំពុងអនុវត្តគម្រោងសាលារៀនគំរូក្រោមយន្តការរបស់គណ:កម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំហៅកាត់ថាគ.វ.អ ។ គ.វ.អ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំតាមរយៈការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ ដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារដែលមានសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាប្រធាន។ 

តាមរយៈការចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះវិស័យអប់រំ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស និងបានឈ្វេងយល់ពីបញ្ហាប្រឈមនានារបស់សាលារៀន លោកគ្រូ អ្នកគ្រូ ក៏ដូចជាក្រុមគ្រួសាររបស់សិស្ស និងបានផ្តល់នូវអនុសាសន៍មួយចំនួន ដូចតទៅ៖

– គ្រូបង្រៀនមានសារៈសំខាន់ណាស់ បើលោកគ្រូ អ្នកគ្រូ ជាអ្នកដឹកមុខ ដើរមុន មិនជាគំរូល្អទេ គឺមានការលំបាកណាស់ ពីព្រោះសិស្សមិនត្រឹមតែរៀនសូត្រពីអ្វីដែលយើងបង្រៀនលើក្ដារខៀនប៉ុណ្ណោះទេ ប៉ុន្ដែពួកគាត់ក៏រៀនសូត្រពីឥរិយាបថ អត្តចរិក របស់គ្រូដោយផ្ទាល់ផងដែរ

– ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពង្រីកបន្ថែមលើការអប់រំបណ្ដុះបណ្ដាលជំនាញទន់នៅតាមសាលារៀន ដើម្បីជាមូលដ្ឋានគ្រឹះ ពង្រឹងក្រមសីល និងឥរិយាបថល្អ សម្រាប់សិស្សានុសិស្សពីតូចៗទៅ។ 

– ការបន្ថែមម៉ោងបង្រៀនក្នុងវិធានការគន្លឹះវិស័យអប់រំ នៅតាមសាលាគោលដៅទទួលបានការគាំទ្រពីអ្នកអាណាព្យា បាលសិស្សភាគច្រើនដែលចង់បានកូនរៀនបន្ថែមម៉ោងច្រើនជៀសជាងចំណាយពេលវេលាចោលផ្សេងៗ។ 

– លើកទឹកចិត្តឱ្យកូនខ្មែរត្រូវចេះសរសេរខ្មែរឱ្យបានច្បាស់ ហើយចេះគណិតវិទ្យាឱ្យមាំ ដែលជាមូលដ្ឋានគ្រឹះដើម្បីងាយស្រួលក្នុងការស្វែងរកការងារនាពេលអនាគត។

– លើកទឹកចិត្តឱ្យឪពុកម្តាយ ឬ អ្នកអាណាព្យាបាលសិស្ស សហការជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការប្រៀនប្រដៅកូនរបស់ខ្លួន ឱ្យមានឥរិយាបទល្អ មិនត្រូវការពារកូនជ្រុលខ្លាំងពេករហូតនាំឱ្យកូនខូចនោះទេ។ ការខិតជិតគ្នារវាងឪពុកម្តាយ អាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ នឹងធ្វើឱ្យកិច្ចការងារអប់រំ បណ្តុះបណ្តាលកូនសិស្សបានកាន់តែល្អ ដោយសារតែឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ បានយល់ពីគ្នាកាន់តែច្បាស់ចំពោះការងារប្រៀនប្រដៅ អប់រំកូនសិស្សនៅក្នុងសាលា ដើម្បីបញ្ចៀសការយល់ច្រឡំណាមួយពីសំណាក់ឪពុកម្តាយ មកលើលោកគ្រូ អ្នកគ្រូ ជាដើម៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print