សូមស្វាគមន៍មកខេត្តរតនគិរី ដែនដីឦសាន នៃព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយសម្រស់ធម្មជាតិពណ៌បៃតង !

ចែករំលែក៖

ខេត្តរតនគិរី ៖ តំបន់ទេសចរណ៍ខេត្តរតនគិរី មានច្រើនកន្លែងទាក់ទាញទេសចរជាតិ និងអន្តរជាតិ តាមរយៈសម្រស់ធម្មជាតិ ជ្រោះ ជ្រលង ដងអូរ ព្រៃភ្នំ ចំការ ដែលមានពណ៌បៃតងដ៏ស្រស់ត្រកាល និងមាន សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ២៤ម៉ោងលើ២៤ម៉ោង ។

ខេត្តរតនគិរី ស្ថិតនៅភាគឦសានឆ្ងាយដាច់ស្រយាលជាងគេពីរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណជាង៥០០គីឡូម៉ែត្រ។ ប៉ុន្តែបើបានទៅហើយ ជាប់ចិត្ត មិនជិនណាយ គយគន់ទេសភាព ហើយផ្លូវគមនាគមន៍ ស្ថាបនាស្អាតគ្រប់ទីកន្លែង ។
ខេត្តរតនគិរីមានតំបន់ទេសចរណ៍ជាង១០កន្លែងយ៉ាងតិច ប៉ុន្តែមាន៥កន្លែង ដែលទាក់ទាញទេសចរទៅកម្សាន្តច្រើនជាងគេក្នុងមួយឆ្នាំៗ។
តំបន់ទេសចរណ៍ធម្មជាតិរតនគិរីមានចំនួន១៤កន្លែងដូចជា៖ បឹងយក្ខឡោម ទឹកជ្រោះកាចាញ ភ្នំឥស្សីបតមៈ (ស្ថិតក្នុងក្រុងបាលុង)ទឹកជ្រោះចាអ៊ុង វាលថ្មរំប្លង់ (ស្ថិតក្នុងស្រុកអូរជុំ) ទឹកជ្រោះកាទៀង ទឹកជ្រោះអូរស៊ិនលែរ៍ ទឹកជួរតាតតៃ បឹងលំកុដ យក្សឱម យក្សការ៉ា ជម្រកសត្វព្រៃ(ស្ថិតក្នុងស្រុកលំផាត់) ឧទ្យានជាតិវីរជ័យ (ស្ថិតក្នុងស្រុកតាវែង និងវើនសៃ) ទឹកជួរទឹង(ស្ថិតក្នុងស្រុកតាវែង) និងកោះសំពៅ(ស្ថិតក្នុងស្រុកកូនមុំ)។
បើតាមមន្ទីរទេសចរណ៍ខេត្តរតនគិរី ក៏ដូចជាក្រុមហ៊ុនទេសចរណ៍បានឱ្យដឹងថា ៖ ក្នុងចំណោមតំបន់ទេសចរណ៍ទាំង១៤កន្លែងនេះ មានតំបន់ទេសចរ៥កន្លែង ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តច្រើនជាងគេគឺ៖
ទី១ -បឹងយក្ខឡោម
ទី២-ទឹកជ្រោះអូរស៊ិនលែរ៍
ទី៣-ទឹកជ្រោះកាចាញ
ទី៤-ទឹកជ្រោះចាអ៊ុង
និងទី៥-ទឹកជួរតាតតៃ។
បើទោះជាខេត្តរតនគិរីនៅឆ្ងាយយ៉ាងក្តី មានសណ្ឋាគារជាច្រើន និងផ្ទះសំណាក់ព្រោងព្រាត ពេលបុណ្យជាតិធំៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តនៅខេត្តរតនគិរី ស្ទើរតែគ្មានកន្លែងស្នាក់នៅ និងជួនកាលសុំផ្ទះប្រជាពលរដ្ឋសម្រាកក៏មានដែរ។
ដោយឡែករមណីយដ្ឋានទេសចរណ៍ទាំងអស់នៅក្នុងខេត្តមានចំនួន ១៤កន្លែង ក្នុងនោះមាន៖ រមណីយដ្ឋានអេកូ-ទេសចរណ៍ចំនួន ១២កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន ២កន្លែង។
ក្នុងចំណោមរនីយដ្ឋានទេសចរណ៍ទាំងអស់ខាងលើ រមណីយដ្ឋានបឹងយក្ខឡោម គឺជាបេះដូងនៃទេសចរណ៍ខេត្តរតនគិរី ដែលស្រូបបានភ្ញៀវទេសចរណ៍ច្រើនជាងគេ។ ទន្ទឹមគ្នានេះបឹងយក្ខឡោម ក៏ត្រូវបានជាប់ឈ្មោះជាបឹងដែលមានសម្រស់ស្រស់ស្អាតជាងគេ ក្នុងចំណោមបឹងទាំង១៥លើពិភពលោកផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print