ភ្នំពេញ ៖ ការរក្សាបាននូវសុខសន្តិភាព, ឯកភាពជាតិ, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បូករួមទាំងឆន្ទៈមោះមុត និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកន្លងមក គឺជាមូលដ្ឋានគ្រឹះចម្បង ដែលអនុញ្ញាតឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការជំរុញអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បើទោះបីជាត្រូវទទួលរងនូវផលរំខានពាក់ព័ន្ធ នឹងវិបត្តិសុខភាពសាធារណៈធ្ងន់ធ្ងរ, វិបត្តិភូមិសាស្ត្រនយោបាយ ព្រមទាំងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ។
ជាក់ស្ដែងសេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញពីកំណើនអវិជ្ជមាន នៅឆ្នាំ២០២០ មកកំណើនក្នុងអត្រា ៣.១% នៅឆ្នាំ២០២១, ៥.១% នៅឆ្នាំ២០២២ និង ៥.០% នៅឆ្នាំ២០២៣ ហើយរំពឹងថា នឹងកើនដល់ ៦.០% នៅឆ្នាំ២០២៤។ នេះជាដកស្រង់ចេញពីផែនការ «យុទ្ធសាស្ត្រ ស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨» ។
យោងតាមផែនការ «យុទ្ធសាស្ត្រ ស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨» បានបញ្ជាក់ថា ក្នុងរយៈពេលពីរទសវត្សរ៍មុនវិបត្តិនៃជំងឺកូវីដ-១៩, កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ស្ថិតក្នុង រង្វង់ជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥ ក្នុងនោះកម្រិតជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើង ដោយ ផ.ស.ស ក្នុងមនុស្សម្នាក់ បានកើនឡើងជាង ៥ដង ពោលគឺ ពី ៤៦៤ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០០៤ ដល់ប្រមាណ ២.៥២០ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ខណៈអត្រាភាពក្រីក្រ ត្រូវបានបន្តធ្លាក់ចុះជាលំដាប់ពីជាង ៥៤% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៣,៥% ក្នុង ឆ្នាំ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតក្រោម ១០% មុនវិបត្តិជំងឺកូវីដ-១៩។
ការសម្រេចបានខាងលើ ពិតជាមិនអាចកាត់ផ្តាច់ចេញពីការរួមចំណែកនៃការគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយប្រសិទ្ធភាពឡើយ ដែលបានគាំទ្រតាមរយៈការកៀរគរ និងសម្រិតសម្រាំងឥណទាន ដែលមានកម្រិតសម្បទានខ្ពស់ និងហានិភ័យទាប សម្រាប់យកមកបំពេញតម្រូវការហិរញ្ញប្បទានគម្រោងវិនិយោគសាធារណៈ ស្របតាមគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល រួមមាន៖ ផ្លូវថ្នល់, ស្ពាន, ផ្លូវដែក, កំពង់ផែ, អាកាសយានដ្ឋាន, រោងចក្រ ផលិតថាមពលអគ្គិសនី, បណ្តាញបញ្ជូននិងចែកចាយថាមពលអគ្គិសនី, ស្ថានីយ៍ផលិត និងបណ្ដាញផ្គត់ផ្គង់ទឹកស្អាត, ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់, ប្រព័ន្ធធារាសាស្ត្រ, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ, ការលើកកម្ពស់គុណភាពអប់រំ និងការផ្តល់សេវាសុខាភិបាល ជាដើម ដែលជាចលករដ៏សំខាន់និងមិនអាចខ្វះបាន ក្នុងការរួមចំណែកសម្រេចបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់៕