ភ្នំពេញ ៖ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តន៍វិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សាត្រពាំងក្អែក ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការអប់រំ សំដៅលើការកសាងមូលដ្ឋាននៅក្នុងខ្លួន ចំណេះដឹង និងឥរិយាបថ ពោលគឺមិនអាស្រ័យលើសំលៀកបំពាក់ល្អខាងក្រៅនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ មានសិស្សខ្លះ បើទោះបីជាមានទ្រព្យធន ឪពុកម្តាយជាអ្នកមាន សំលៀកបំពាក់ស្អាតបាតមែន ប៉ុន្តែពេលខ្លះ មិនខំសិក្សារៀនសូត្រ និងមានអាកប្បកិរិយាមិនល្អផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ពុំមានអ្នកណាមួយល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងត្រូវមានគោលដៅដែលចង់ឱ្យខ្លួនក្លាយទៅជាឥតខ្ចោះ ជាអ្វីដែលយើងត្រូវធ្វើ ហើយត្រូវផ្សាភ្ជាប់ទៅនឹងលទ្ធផល និងស្ថានភាពជាក់ស្តែងរបស់ខ្លួន។
សម្តេចធិបតី បន្តថា ៖ ការពង្រឹងសេវាសុខាភិបាលនិងអប់រំ នៅកម្រិតមូលដ្ឋាន រួមមានមណ្ឌលសុខភាព ពេទ្យបង្អែកស្រុក សាលាបឋមសិក្សាដល់វិទ្យាល័យ គឺជាអាទិភាពសំខាន់នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ យុទ្ធសាស្រ្តផ្ការីក គឺផ្តោតគោលដៅក្នុងការចែករំលែកបទពិសោធន៍ចេញពីសាលាគំរូរបស់ គ.វ.អ ទៅកាន់សាលាទូទៅរបស់ក្រសួងអប់រំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត គោលដៅនៃការអប់រំគឺការកសាងតម្លៃក្នុងខ្លួន ពោលគឺសមត្ថភាពនិងឥរិយាបថ។ សម្ភារៈក្រៅខ្លួនមិនមែនជាកត្តាដែលកំណត់នៃជោគជ័យនៃការអប់រំនោះទេ ៕