ភ្នំពេញ ៖ កីឡាករគុនខ្មែរល្បីឈ្មោះពីររូបត្រូវរថយន្តមួយគ្រឿងបើកបុកពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ
កាលពីព្រឹកថ្ងៃទី ២៦ សីហានេះ ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា កីឡាករដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញនេះគឺចាន់ ប៊ុនហឿន និងកីឡាករ ហាប់ ខា ក្រោយពីរថយន្តបង្កបានបើកបុករួច កីឡាករទាំងពីររូបក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយក្នុងចំណោមកីឡាករពីររូបនេះកីឡាករដែលទទួលរងរបួសធ្ងន់ជាងគេនោះគឺកីឡាករចាន់ ប៊ុនហឿន ។
ចំណែកឯភាគីខាងរថយន្តបង្កបន្ទាប់ពីបានបើកបុកជនរងគ្រោះដែលជាកីឡាករល្បីឈ្មោះទាំងពីររូបនេះហើយ ក៏មិនបានរត់ទៅណាដែរនៅចរចាជាមួយនឹងភាគីជនរងគ្រោះ។ ហើយអ្នកបើកឡានជាមនុស្សស្រីក្រោយកើតហេតុនេះភ្លាម នារីរូបនោះក៏ស្ថិតនៅមន្ទីរពេទ្យជាមួយជនរងគ្រោះ ដើម្បីដោះស្រាយផងដែរ។
គួរជំរាបថាបើតាមប្រភពជិតស្និទ្ធរបស់កីឡាករចាន់ ប៊ុនហឿន បានឲ្យដឹងថា បច្ចុប្បន្នរបួសរបស់កីឡាករដែលជាជនរងគ្រោះ ទទួលរងរបួសបាក់ឆ្អឹងដងកាំបិត និងឆ្អឹងជំនី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ ៕ជ្រោយពេជ្រ