សេចក្តីបំភ្លឺជុំវិញប្រតិបត្តិការរបស់សមត្ថកិច្ច ករណីឃាត់ខ្លួនកូនម្ចាស់ផ្ទះជួល និងចោទថាបំផ្លាញបន្ទប់ទ្វារជួល ករណីបង្ក្រាបបទល្មើសនៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ សូមធ្វើការបំភ្លឺជូនសាធារណជនឱ្យជ្រាបថា: កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៣:០០នាទី នៅចំណុចបន្ទប់ជួលលេខ1Z ផ្លូវ១១៣ ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះ បាត់ម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX នៅចំណុចភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។

សមត្ថកិច្ចបានស្រាវជ្រាវរកឃើញទីតាំងកន្លែងស្នាក់នៅរបស់ជនសង្ស័យ ហើយក៏ចុះប្រតិបត្តិការការជាក់ស្តែងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ ក្នុងនោះស្រី ចំនួន០១នាក់នៅចំណុចខាងលើ និងដកហូតវត្ថុតាងដូចជា ម៉ូតូ ០២គ្រឿង  អាវុធខ្លី ០១ដើម,  គ្រាប់ចំនួន ០៤គ្រាប់, ដាវ ០១ដើម, កាំបិតបុ័ងតោ ០១ដើម ,កាំបិតចុងស្រួច ០១ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួននិងសម្ភារផ្សេងៗមួយចំនួនទៀតផងដែរ។

បន្ទាប់មកជនសង្ស័យទាំង០៦នាក់ត្រូវបានបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។ ក្រោយពីសាកសួររួចហើយ មានជនសង្ស័យចំនួន០៤នាក់ មានផ្ទុកសារធាតុញៀនក្នុងខ្លួន ត្រូវបានបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកមនុស្ស០២នាក់ មិនជាប់ពាក់ព័ន្ធ សមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ជនសង្ស័យចំនួន០៤នាក់ ១-ឈ្មោះ ឆាយ រតនា ហៅ ម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ ២-ឈ្មោះ សៅ សម្បត្តិ ភេទប្រុស អាយុ ៣៩ឆ្នាំ ៣-ឈ្មោះ ស៊ឹម សុខហេង ភេទប្រុស អាយុ ៣០ឆ្នាំ ៤-ឈ្មោះ ជា ស័ក្ករាជ្យ ភេទប្រុស អាយុ ៣០ឆ្នាំ។ 

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើគឺមានកូនប្រុសម្ចាស់ផ្ទះជួល ឈ្មោះ ជា ស័ក្ករាជ្យ មិនសហការជាមួយសមត្ថកិច្ច បានឃើញសមត្ថកិច្ចទៅដល់ ហើយទាញទ្វារដែកចាក់គន្លឹះបិទ បន្ទាប់មកកូនម្ចាស់ផ្ទះរត់ចូលក្នុងបន្ទប់ដាក់កាម៉េរាសុវត្ថិភាព ហើយសមត្ថកិច្ចក៏បុកទ្វារចូលខាងក្នុងបន្ទប់ បានឃាត់កូនម្ចាស់ផ្ទះ និងបន្តត្រួតពិនិត្យបន្ទប់ផ្សេងទៀតដែលសុទ្ធតែចាក់គន្លឹះបិទទ្វារ នៅពេលសមត្ថកិច្ចគោះទ្វារបន្ទប់ជួលគឺគ្មានអ្នកសហការបើកបន្ទប់ឱ្យសមត្ថកិច្ចចូលត្រួតពិនិត្យឡើយ ហើយសមត្ថកិច្ចបានសម្រេចចិត្តបុកចូលក្នុងបន្ទប់ ក្នុងប្រតិបត្តិការដោយប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាពរបស់សមត្ថកិច្ច ដោយសារសមត្ថកិច្ចទទួលបានព័ត៌មានថាជនសង្ស័យស្នាក់នៅក្នុងបន្ទប់ជួលនោះមានលាក់អាវុធទុកដោយខុសច្បាប់។ ក្នុងរង្វង់ប្រតិបត្តិការជាក់ស្តែងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៦នាក់ និងដកហូតវត្ថុតាងមួយចំនួនដូចខាងលើ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ជុំវិញប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើ សមត្ថកិច្ចចុះអនុវត្តដែលជាបទល្មើសមានហានិភ័យដែលមានជនសង្ស័យលាក់ទុកអាវុធអាចបង្កគ្រោះថ្នាក់ អាយុជីវិត ឬបង្ករងរបួសស្នាមដល់សមត្ថកិច្ច ដូច្នេះការបង្ក្រាបនេះសមត្ថកិច្ចត្រូវធ្វើដោយម៉ឺងម៉ាត់ ម៉តចត់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាព ក្រោមការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានពីបទបញ្ជាពីថ្នាក់លើ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print