ខេត្តបន្ទាយមានជ័យៈ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្ត គ្រប់គ្រង គ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ និងនាំទឹកពីប៉ែកខាងលើ ស្ទឹងបវេល នៃខេត្តបាត់ដំបង ដើម្បីទម្លាក់មកតាមប្រលាយក្នុងភូមិសាស្រ្តស្រុកមង្គលបូរី ជួយសង្គ្រោះស្រូវប្រាំងបងប្អូនកសិករដែលជិតប្រមូលផល ប្រឈមខ្វះទឹកប្រមាណ១០០០ហិកតា ដោយជោគជ័យនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ ។
។ ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានបន្តដំណើរទៅពិនិត្យមើលនូវស្ថានភាពស្រូវរបស់បងប្អូនប្រជាកសិករ ស្រូវវស្សា ជាប្រភេទស្រូវកណ្តាល និងពិនិត្យមើលប្រលាយទឹក នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ។
ឯកឧត្តម ក៏បានបញ្ជាក់ឱ្យដឹងថា ស្រូវបងប្អូននៅក្នុងមូលដ្ឋានភូមិទ័ពសៀម ជាប្រភេទស្រូវកណ្តាល មិនទាន់មានបញ្ហាប្រឈមនោះខ្លាំងនោះទេ ហើយបើសិនជាក្នុងមួយទៅពីរសប្ដាហ៍ទៀត មានភ្លៀងធ្លាក់ នោះស្រូវនឹងអាចមានការលូតលាស់ឡើងវិញ ។ ឯកឧត្ដម បន្តថា យោងតាមរបាយការរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ស្ថានភាពដំណាំស្រូវ ដែលប្រឈមមានប្រមាណជាង១ម៉ឺន ហិកតា នៅស្រុកថ្មពួក, ស្វាយចេក , ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ។
យោងតាមរបាយការរប់សមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ស្ថានភាពដំណាំស្រូវនៅក្នុងស្រុកថ្មពួកមួយចំនួនធំស្ថិតនៅដំណាក់កាលប៉ះពាល់ និងមួយចំនួនទៀតប៉ះពាល់ធ្ងន់ធ្ងររួមទាំងការខូចខាត និងមានផលប៉ះពាល់បន្ថែមលើដំណាំពោតក្រហម។ រីឯដំណាំស្រូវនៅស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ បានរងផលប៉ះពាល់ដោយកន្លែងខ្លះមានប្រឡាយជើងក្អែប ប៉ុន្តែមានទឹកតិចតួច និងស្ថិតនៅឆ្ងាយពីប្រឡាយមេ។ ដំណាំស្រូវដែលរងផលប៉ះពាល់សរុបចំនួន១៣.២៤៩ហិកតានិងខូចខាតសរុបចំនួន១៥ហិតានៃផ្ទៃដីអនុវត្តបានទូទាំងខេត្តសរុបចំនួន២៧០.១៦២ហិកតា និងដំណាំពោត ដែលរងផលប៉ះពាល់សរុបចំនួន ៣០៥ហិកតា នៃផ្ទៃដីអនុវត្តបានទូទាំងខេត្តសរុបចំនួន ១៤០៣៧ហិកតា៕ វណ្ណា