ខេត្តកណ្តាល ៖ នៅថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំមន្ត្រីបច្ចេកទេសនាយកដ្ឋាន ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងដោយចាក់បេតុងពីលើ ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានឱ្យដឹងថា ការងារគម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងដោយចាក់បេតុងពីលើ រួមមាន ទី១)ស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយសន្លុងចាស់ ប្រវែង ២ ៤០៣ម៉ែត្រ (ពង្រីកខ្នងប្រឡាយពី ៧ម៉ែត្រ-១០ម៉ែត្រ) សម្រេចបាន ៩០% និងទី២)សាងសង់សំណង់បេតុងពីលើខ្នងភ្លឺប្រឡាយសន្លុង ប្រវែង ២ ៤០៣ម៉ែត្រ សម្រេចបាន ៦០%។ ជារួម គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារគម្រោងសម្រេចបានប្រមាណ ៦៥% ហើយគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុននេះ។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់គម្រោង គម្រោងនេះនឹងអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១១០០ហិកតា រដូវប្រាំងចំនួន ៥៥០ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា ដោយមានប្រជាពលរដ្ឋទទួលផលប្រមាណ ២៥២០គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕