ភ្នំពេញ ៖ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកម្មវិធី Japanese IT Academic Pathway រវាង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន Next Make របស់ជប៉ុន ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក អ៊ូអិណុ អាត់ស៊ូស៊ី(UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា លោក តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងបច្ចុប្បន្នជាប្រធានសមាគមជប៉ុន-កម្ពុជាថ្នាក់ដឹកនាំ ក.ប.ទ. ថ្នាក់ដឹកនាំសមាគមជប៉ុន-កម្ពុជា សាស្ត្រាចារ្យ និងនិស្សិតនៅ AUPP នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ AUPP ឱ្យរៀនបន្ថែមភាសាជប៉ុននិងការអនុវត្តជំនាញឌីជីថលជាក់ស្តែងនៅជប៉ុន ហើយនៅពេលបញ្ចប់ការសិក្សា គឺនិស្សិតអាចទៅធ្វើការនៅប្រទេសជប៉ុន ដោយទទួលបានប្រាក់បៀវត្សខ្ពស់និងបទពិសោធល្អ ស្របពេលដែលជប៉ុនមានតម្រូវការធនធានមនុស្សជំនាញឌីជីថលប្រមាណ ៧០ ម៉ឺននាក់ រហូតដល់ឆ្នាំ២០៣០។
នៅក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ក្នុងជំហានដំបូងនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយជំរុញនិងគាំទ្រយ៉ាងពេញទំហឹង ធ្វើយ៉ាងណាឱ្យកម្មវិធីនេះអាចដំណើរការទៅបានដោយជោគជ័យ និងមានភាពរលូន រួមចំណែកបង្កើនមូលធនមនុស្សឌីជីថលកម្ពុជា និងលើកកម្ពស់ សេដ្ឋកិច្ចជាតិ។ សម្រាប់ឆ្នាំទី១ កម្មវិធីនឹងជ្រើសរើសបេក្ខភាពចេញពីនិស្សិតដែលកំពុងសិក្សានៅ AUPP ហើយនៅឆ្នាំបន្តបន្ទាប់ នឹងពង្រីកវិសាលភាពទៅដល់គ្រឹះស្ថានឧត្តមសិក្សា ៥ បន្ថែមទៀត។ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះសមិទ្ធផលជាផ្លែផ្កានេះ និងគាំទ្រចំពោះការរៀបចំកម្មវិធីដ៏មានសារៈសំខាន់មួយនេះ ៕