ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ខណៈមានជនជាតិចិនមួយក្រុមទៀតបានជិះរថយន្តស៊េរីទំនើបមួយគ្រឿងចុះមកប្រើអំពើហិង្សាវាយទាត់ធាក់មានទាំងកាំបិតនិងដងឆក់វាយធ្វើបាបដែលគេ សង្ស័យថាអាចមានទំនាស់ក្នុងវង់ផឹកសុី។
អំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង ៤:០០ ទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវណតប៊្រីត ខាងត្បូងស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសដែលជាជនជាតិចិនម្នាក់កំពុងតែផឹកស៊ីជាមួយបុរសជនជាតិចិនម្នាក់ទៀត ខណៈកំពុងតែផឹកស៊ីសុខៗស្រាប់តែមានការជជែកឈ្លោះទាស់ទែងពាក្យសម្ដីគ្នារហូតភាគីបុរសដែលជនជាតិចិនម្នាក់បានទូរស័ព្ទហៅបក្សពួក បើករថយន្តមួយគ្រឿង ម៉ាក Toyota ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2M-7199 មានគ្នាប្រមាណជិត១០នាក់មកដល់កន្លែងផឹកសុីនោះ រួចចុះពីលើរថយន្តនាំគ្នាព្រួតវាយទៅលើបុរសរងគ្រោះ ដែលជាជនជាតិចិននោះតែម្តង ដែលមានទាំងកាំបិតបុ័ងតោ ដំបងឆក់ និងទាត់ធាក់ទ្បើងទ្រមខ្លួន រួចហើយក្រុមជនជាតិចិនមួយក្រុមនោះក៏បានឡើងលើរថយន្តបើករត់គេចខ្លួនបាត់ស្រមោលទៅ។ ចំណែកជនរងគ្រោះបានដើរទៅមន្ទីរពេទ្យដើម្បីព្យាបាលខ្លួន ខណៈបែកឈាមហូរដាបពេញខ្លួនតែម្តង។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទឹកថ្លា បានចុះមកដល់ចំណុចកើតហេតុរួចប្រមូលភស្តុតាង និងតាមស្វែងរកជនរងគ្រោះដើម្បីឱ្យដាក់ពាក្យបណ្ដឹងនិងស្រាវជ្រាវតាមឃាត់ខ្លួនក្រុមជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ÷ចន្ទ លីហ្សា