របាំងស្បៃមុងជិត២០០០ម៉ែត្រត្រូវបានបំផ្លាញ ត្រីចម្រុះល្អិតៗ៤០គីឡូក្រាម ចាក់លែងចូលទឹកបឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះថា សមត្ថកិច្ចសហការចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(ជលផល)២គោលដៅផ្សេងគ្នា ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង និងចាក់លែងត្រីចំរុះល្អិតៗចំនួន៤០គីឡូក្រាម ចូលទឹកបឹងទន្លេសាបវិញផងដែរ ។

មន្ត្រីជំនាញរដ្ឋបាលជលផលដដែលឲ្យដឹងទៀតថា នៅចំណុចព្រំប្រទល់ ស្រុកកណ្ដៀង និងស្រុកបាកាន ស្ថិតនៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ គោលដៅទី-១ កម្លាំងសហការដឹកនាំដោយលោក ហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀង លទ្ធផលសម្រេចបាន របាំងស្បៃមុងចំនួ០៩ខ្សែ ស្មើនឹងប្រវែង១០៨០ម៉ែត្រ លូកងស្បៃមុងចំនួន២១មាត់ បង្គោលចម្រឹងចំនួន៣៦០ដើម ក្ន្នុងនោះចាក់លែងត្រីល្អិតៗចូលបឹងធម្មជាតិ(ទន្លេសាប)ចំនួន២០គីឡូក្រាមផងដែរ ។

មន្ត្រីជលផលបញ្ជាក់ទៀតថា គោលដៅទី-២ កម្លាំងបានបន្តចុះអនុវត្តនៅចំណុចបឹងព្រួច(ក្បែគោលដៅទី-១ដែរ)ស្ថិតនៅភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ លទ្ធផលសម្រេចបាន របាំងស្បៃមុងចំនួន០៨ខ្សែ ស្មើនឹងប្រវែង៨០០ម៉ែត្រ លូកងស្បៃមុងចំនួន១១មាត់ បង្គោលចម្រឹង៤០០ដើម និងចាក់លែងត្រីចំរុះចូលទឹកបឹងវិញចំនួន២០គីឡូក្រាមថែមទៀត ។

មន្ត្រីដដែលអះអាងទៀតថា ឧបករណ៍ចាប់ត្រី(របាំងស្បៃមុង)ដែលជាវត្ថុតាងត្រូវបានបំផ្លាញ ។ ចំពោះកិច្ចសហការកម្លាំងបន្តអនុវត្ត ទប់ស្កាត់ និងបង្រ្កាបឲ្យដូចភ្លៀងរលឹម ។

ប្រភពពីមជ្ឈដ្ឋានលើកឡើងស្រឌៀងគ្នាថា គេសង្កេតឃើញពិតប្រាកដមែន មានមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធថ្នាក់ជាតិឈរជើងប្រចាំការ ពាសពេញផ្ទៃទឹកបឹងទន្លេសាប់ ចុះសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល មានកងកម្លាំងចូលរួម គណៈបញ្ជាឯកភាពរដ្ឋបាលស្រុក ខេត្ត ចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបជាហូរហែ ប៉ុន្តែឧបករណ៍កែច្នៃចាប់ត្រីប្រភេទ(របាំងស្បៃមុង និងរបាំងសាច់អួន)ខុសក្រឡា ខុសប្រវែង កើតមានពាសពេញបឹងទន្លេសាប មិនថារដូវបិទនេសាទ ឬបើកនេសាទនោះទេ ធ្វើបែបទ្រង់ទ្រាយដូចឡូត៍នេសាទនោះដែរ ដូចជាបំទាន់ឃើញមាននាំយកក្រុមជនប្រព្រិត្តមកអនុវត្តច្បាប់សោះ ឃើតែផ្សព្វផ្សាយ អប់រំ ដដែលៗហេតុអ្វី? ខណៈក្រុមជនប្រព្រិត្តគេស្គាល់ច្បាស់ដូចក្រយៅបាតដៃនោះ ពិសេសជាងនេះទៅទៀតនោះ មានមេឈ្មួញប្រមូលផលនេសាទ ឈរជើងទិញថែមទាំងជួយឧបករណ៍ជាដើមទុន រាប់ម៉ឺនដុល្លារអាមេរិក នៅចំណុចនិមួយៗ ៕

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print