ភ្នំពេញ ៖ គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដែលលើកឡើងពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានអ្នកចូលទៅ Comment គាំទ្ររហូតដល់ជាង១លាននាក់ហើយ។ ការកើនឡើងយ៉ាងឆាប់រហ័សនេះ អាចដោយសារតែសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអ្នកគាំទ្ររបស់សម្តេច ចូលរួមទៅ Comment ឆ្លើយឆ្លង និងពន្យល់អំពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមជាកម្លាំងមហាសាមគ្គីជាតិខ្មែរ អភិវឌ្ឍតំបន់ព្រំដែន ដែលក្នុងនោះក្រៅពីធ្វើផ្លូវ ក៏មានការកសាងសាលានៅតាមតំបន់ព្រំដែនផងដែរ។
សូមបញ្ជាក់ថា ៖ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែសីហា ម្សិលមិញនេះ បានបង្ហោះសារមួយ ដោយបង្ហាញពីចំណាប់អារម្មណ៍របស់ សម្តេចចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមសំណូមពរប្រជាជន ដែលសម្តេចតេជោបានសង្កេតឃើញថា ក្រោយការប្រកាសបង្កើតនេះ គឺមានការគាំទ្រ និងចូលរួមយ៉ាងផុលផុស។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថាយើងកាត់៤ខេត្ត ឬច្រើនជាងនេះទៅឲ្យវៀតណាម តើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការរំពឹងទុកប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជន ត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬ ដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត ហើយសម្តេចតេជោ ក៏បានអំពាវនាវឱ្យជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើល តើអ្នកចោទប្រកាន់បានចូលរួមឬទេ? សម្តេចបានបន្តថា៖ «នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»។
ដោយឡែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ចេញលិខិតថ្លែងអំណរគុណសប្បុរសជនដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យ បានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ៕