កម្ពុជា-ចិនចែករំលែកការងារគ្រប់គ្រងវិស័យមុខងារសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ ដោយឈរលើស្មារតី នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងចាត់តាំង នៃសាធារណរដ្ឋប្រជាមានិតចិន លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ពិភាក្សាការងារជាមួយលោក Li Ganjie សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងចាត់តាំង នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន កាលពីពេលថ្មីៗនេះ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរបទពិសោធការងារ និងស្វែងយល់ពីគ្នាទៅវិញទៅមកលើកិច្ចការងារដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ ដែលស្ថិតក្រោមវិសាលភាពការងាររបស់ស្ថាប័នទាំងពីរ ព្រមទាំងព័ត៌មានជុំវិញប្រធានបទពាក់ព័ន្ធនឹងប្រព័ន្ធរដ្ឋបាលសាធារណៈ នៃប្រទេសទាំងពីរ។

គេហទំព័រ «CCFR China state-controlled media » លើកថា ៖ កន្លងមកនេះ ក្រសួងមុខងារសាធារណៈ បានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលមុខងារសាធារណៈជាតិចិន ដែលជាស្ថាប័នចំណុះក្រសួងចាត់តាំង ដោយបានចុះអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសាធារណៈ ហើយក៏បានបន្តអនុវត្តអនុស្សារណៈនេះ តាមរយៈការផ្លាស់ប្តូរជំនួបរវាងថ្នាក់ដឹកនាំស្ថាប័ន ការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍន៍សមត្ថភាពធនធានកម្ពុជា ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ ជាដើម។

ក្នុងអាណត្តិទី៧នេះ ដោយមានការសិក្សាយ៉ាងយកចិត្តទុកដាក់ថ្នាក់ដឹកនាំបច្ចេកទេសរវាងស្ថាប័នទាំងពីរ ព្រមទាំងការគាំទ្រ និងជំរុញពីសំណាក់ថ្នាក់ដឹកនាំ ស្ថាប័នទាំងពីរបានពង្រីកកិច្ចសហការមួយកម្រិតបន្ថែមទៀត ដោយការចុះអនុស្សារណៈ នៃការយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល និងបណ្ឌិតសភា ភាពជាអ្នកដឹកនាំចិនភូតុង ដែលមានគោលបំណង ក្នុងការកំណត់នូវវិស័យទម្រង់ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការអប់រំស្រាវជ្រាវ នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស។

ពិធីចុះហត្ថលេខាលើអនុស្សារណៈ នេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក Li Ganjie រដ្ឋមន្ត្រីក្រសួងចាត់តាំង នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីជំនួបសំណេះសំណាល ពិភាក្សាការងារបានបញ្ចប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print