រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលសម្រេច ត្រូវបានបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន ប្រតិបត្តិការនិងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

អាកាសយានដ្ឋានអន្តរជាតិតេជោ មានភារកិច្ចដូចតទៅ៖

– ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការនិងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ

– សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា អន្តរជាតិ ដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងនិងជុំវិញអាកាសយានដ្ឋាន

– សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការរៀបចំការពារនិងធ្វើបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ គណៈប្រតិភូជាតិនិងអន្តរជាតិ ដែលទៅបំពេញបេសកកម្មនៅក្រៅប្រទេសនិងមកបំពេញបេសកកម្មនៅកម្ពុជា

– សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការដឹកនាំធ្វើលំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្នឱ្យបានទៀងទាត់

– ចូលរួមផ្តល់យោបល់លើការវាយតម្លៃបច្ចេកទេស ដែលទាក់ទងនឹងការគ្រប់គ្រងប្រតិបត្តិការនិង ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ

– រៀបចំកម្មវិធីនិងផែនការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីលើការងារគ្រប់គ្រងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋាន

– ទទួលខុសត្រូវចំពោះការធ្វើអធិការកិច្ចនិងសវនកម្មលើវិស័យអាកាសចរណ៍ស៊ីវិល

– ធ្វើរបាយការណ៍ពីសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ

– អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម។
អាកាសយានដ្ឋានអន្តរជាតិតេជោ ដឹកនាំដោយនាយក១ (មួយ) រូប មានឋានៈស្មើប្រធាននាយកដ្ឋាន និងមាននាយករងមួយចំនួនតាមការចាំបាច់ មានឋានៈស្មើអនុប្រធាននាយកដ្ឋានដោយអនុលោមតាមលិខិត បទដ្ឋានគតិយុត្តជាធរមាន។

នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក្នុង ការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ។

ការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវកំណត់ ដោយប្រកាសរបស់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបង្កើត ការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពនានា និង ការតែងតាំងមន្ត្រីរាជការដែលពាក់ព័ន្ធនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវមានអានុភាពអនុវត្តរហូតដល់ មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស ស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មន្ត្រីរាជការស៊ីវិលនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលត្រូវប៉ះពាល់ពាក់ព័ន្ធនឹងការបង្កើត ការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធថ្មីស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ ត្រូវរក្សាទុកអត្ថប្រយោជន៍ផ្នែក បៀវត្សយ៉ាងហោចក្នុងកម្រិតដដែល។

អនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣ ស្តីពីការផ្លាស់ប្តូរឈ្មោះអាកាសយានដ្ឋាន អន្តរជាតិពោធិចិនតុងទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹង អនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print