ភ្នំពេញ ៖ កន្លងទៅអាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញ បានធ្វេីការហាមប្រាណមិនឲ្យយុវជនជិះម៉ូតូបេីកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យ នោះឡេីយ ដែលជាហេតុអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដ៏ទៃ ខណៈក្រុមរថយន្តសង្គ្រោះបន្ទាន់ ឬរថយន្តពន្លត់អគ្គិភ័យមានសារ៉ែនបេីកលឺខ្លាំងដល់ប្រជាពលរដ្ឋធ្វេីដំណេីរតាមដងផ្លូវទៅហេីយ ។ ពិតណាស់ការជិះម៉ូតូលឿនៗជួយសម្រួលចរាចរណ៍បែបនេះបានធ្វេីឲ្យយុវជន០២នាក់បានរបួសធ្ងន់ ស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនដេីម្បីជួយសម្រួលចរាចរណ៍ដល់រថយន្តសង្គ្រោះបន្ទាន់ ជ្រុលទៅបុករថយន្តក្រឡុកសុីម៉ង់កំពុងបត់ទទឹងផ្លូវពេញទំហឹង កាលវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៩ ខែ សីហា ឆ្នាំ ២០២៤នៅចំណុចមុខក្រុមហ៊ុនក្រឡុកសុីម៉ងត៍រូបដំរី ស SCG តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះ គេឃេីញយុវជន៤នាក់ជិះម៉ូតូ២គ្រឿង ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច យ៉ាងលឿន ដោយមានអ្នកលើកដៃនិងសុីផ្លេសជាសញ្ញាឲ្យម៉ូតូទៅមុនដេីម្បីបើកផ្លូវឲ្យរថយន្តសង្រ្គោះបន្ទាន់ ខណៈមកដល់ចំណុចកេីតហេតុ ជាតែចៃដន្យយុវជន២នាក់ជិះម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 1AJ-5868 បុករថយន្តម៉ាកHINO ប្រភេទក្រឡុកសុីម៉ង់ ពណ៍ទឹកប៊ិច ពាក់ផ្លាកលេខ តាកែវ 3A-2481 កំពុងបេីកចេញពីក្រុមហ៊ុន ចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ស្រាល០២នាក់ រីឯម៉ូតូគៀបជាប់កាងរថយន្តបង្កផងដែរ ។
ក្រោយកេីតហេតុ យុវជនរងគ្រោះទាំងពីរនាក់ខាងលេីត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកច្បារអំពៅ ចុះមកដឹកយកទៅសង្គ្រោះ ។ ដោយឡែកអ្នកបេីករថយន្តបង្កបានគេចខ្លួនបាត់ ទេីបសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញ ធ្វេីការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយគ្នាតាមនីតិវិធីបន្តតាមក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ