ភ្នំពេញ ៖ បំពង់អាហារគឺជាសរីរៈមួយ ដែលតភ្ជាប់ពីមាត់ទៅក្រពះ ហើយមានតួនាទីជាផ្លូវឱ្យចំណីអាហារចូលទៅក្នុងក្រពះ។ នៅក្នុងករណីជំងឺមួយចំនួនដូចជាមហារីកបំពង់អាហារ ដុំសាច់កៀបសង្កត់ទៅលើបំពង់អាហារ ឬក៏ដុំសាច់ស៊ីធ្លុះបំពង់អាហារ ធ្វើឱ្យអ្នកជំងឺមានវិបត្តិក្នុងការលេបចំណីអាហារ ស្ថិតក្នុងស្ថានភាពបែបនេះ ការព្យាបាលដោយដាក់រឺស័រក្នុងបំពង់អាហារ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ
ដែលអនុញ្ញត្តិអោយអ្នកជំងឺអាចទទួលទានអាហារឡើងវិញ ក្នុងន័យរក្សារបាននូវស្ថានភាពអាហារូបត្ថម្ភ ក៍ដូចជាលើកស្ទួយសភាពទូទៅរបស់គាត់ ដើម្បីរង់ចាំការព្យាបាលបន្តបន្ទាប់។
រ៉ឺស័របើកបំពង់អាហារ គឺជាបំពង់សំណាញ់ដែកមួយ ដែលមានភាពទន់អាចបត់បែនទៅតាមទម្រង់របស់បំពង់អាហារ។ នាពេលដំបូង បន្ទាប់ពីបានដាក់ វាអាចបន្តធ្វើការបើកដោយខ្លួនឯងបន្តិចម្តងៗ (self-expandable) រហូតបានទំហំសមស្របទៅតាមខ្នាតរបស់រ៉ឺស័រ ដើម្បីសម្រួលផ្លូវចូលរបស់ចំណីអាហារទៅក្នុងក្រពះ។
គុណប្រយោជន៍៖
១) វិធីសាស្រ្តនេះ ជាអន្តរាគមន៍បែបវេជ្ជសាស្រ្តមួយ ដែលផ្តល់ជូនអ្នកជំងឺ ខណៈពេលដែលការវះកាត់មិនអាចប្រព្រឹត្តទៅបាន ឬមានការប៉ះពាល់ខ្លាំងដល់អ្នកជំងឺ។
២) ការដាក់រ៉ឺស័របើកបំពង់អាហារនេះ ធ្វើឡើងតាមរយៈឧបករណ៍ឆ្លុះក្រពះ (Endoscopic procedure) និងត្រូវការសម្រាកពេទ្យរយៈពេលខ្លី។ បច្ចេកវិទ្យាវេជ្ជសាស្រ្តមួយនេះមានប្រសិទ្ធភាពខ្ពស់ និងមានផលប៉ះពាល់តិចតួចបំផុត។
ដូច្នេះរាល់ករណីសង្ស័យ ឬក៏មានដុំសាច់នៅក្នុងបំពង់អាហារ អ្នកជំងឺគួរតែមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងកំណត់ដំណាក់កាលនៃដុំសាច់ មុននឹងឈានទៅដល់ការព្យាបាល។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕