ទូកនេសាទខុសច្បាប់បរទេស ៧១គ្រឿង ដែលឆ្មាំសមុទ្រប្រទេសនេះចាប់បានកាលពីពេលកន្លងមកនឹងត្រូវបាញ់ពន្លិចជាបន្តទៀតដើម្បីជាការប្រមានដល់ការនេសាទខុសច្បាប់នៅក្នុងសមុទ្រឥណ្ឌូនេស៊ី។
ចាប់តាំងពីប្រធានាធបិតី វីដូដូ ឡើងកាន់តំណែងមកទល់ពេលនេះ លោកបានចេញបញ្ជាឲ្យបាញ់កម្ទេចទូកនេសាទណាដែលចូលនេសាទខុសច្បាប់នៅក្នុងប្រទេសរបស់លោក។ ការនេសាទខុសច្បាប់នោះបានធ្វើឲ្យខាតបង់ប្រាក់ចំណូលជាតិដល់ទៅរាប់ពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗ។
គិតចាប់តាំងពីឆ្នាំ២០១៤ ឆ្នាំដែលលោក វីដូដូ បានឡើងកាន់តំណែងជាប្រធានាធិបតីមកមានទូកនេសាទបរទេសចំនួន ១៧៦គ្រឿង ដែលត្រូវបានអាជ្ញាធរចាប់បានពេលកំពុងធ្វើការនេសាទដោយខុសច្បាប់ និងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ពន្លិចចោល បន្ទាប់ពីបានចាប់អ្នកបើកបរនិងកម្មកររួច។ ទូកនេសាទខ្លះត្រូវបានដាក់គ្រាប់បំផ្ទុះបំផ្លាញចោលនៅចំពោះមុខសាធារណជនតែម្តង។
ការពន្លិច ឬបំផ្ទុះទូកនេសាទយ៉ាងស្រស់ៗបែបនេះ គឺដើម្បីឲ្យបំបាក់ទឹកចិត្តក្រុមអ្នកនេសាទបរទេសទាំងនោះហ៊ានបើកចូលក្នុងដែនទឹកឥណ្ឌូនេស៊ី ធ្វើការនេសាទខុសច្បាប់ទៀត។ នៅថ្ងៃទី១៧ ខែសីហា ខាងមុខនាឱកាសថ្ងៃបុណ្យឯករាជ្យជាតិ ទូកនេសាទបរទេសចំនួន ៧១គ្រឿងនឹងត្រូវពន្លិចចោលនៅតាមកន្លែងផ្សេងៗពេញផ្ទៃប្រទេសតែម្តង។ ប៉ុន្តែក្រសួងនេសាទឥណ្ឌូនេស៊ី មិនបានគូសបញ្ជាក់ថា តើទូកនេសាទទាំងនោះជារបស់ប្រទេសណាខ្លះនោះឡើយ។
នៅលើកនេះឥណ្ឌូនេស៊ី បានជ្រើសរើសការបំផ្លាញទូកនេសាទដោយមិនប្រើវិធីបំផ្ទុះទេ ព្រោះក្រុមអ្នកការពារបរិស្ថានតែងតែមិនសប្បាយចិត្តនឹងផលប៉ះពាល់ដល់បរិស្ថានបណ្តាលមកពីការបំផ្ទុះបំបែកទូកនេសាទ។
ទូកនេសាទបរទេសជាច្រើនប្រទេសដូចជា ចិន ថៃ វៀតណាម ហ្វុីលីពីន និងម៉ាឡេស៊ី ធ្លាប់ត្រូវបានកម្ទេចចោលក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ពីមុនមក។ ម្យ៉ាងវិញទៀតយុទ្ធនាការនេះបានចាប់ធ្វើក្នុងបរិបទនៃភាពតានតឹងខ្លាំង រវាងឥណ្ឌូណេស៊ីនិងប៉េកាំង ដោយហេតុតែជម្លោះក្នុងសមុទ្ទចិនខាងត្បូង។
មានការប៉ះទង្គិចគ្នាជាញយដងរួចមកហើយ ឥណ្ឌូណេស៊ីបានហ៊ានដល់ទៅបាញ់សម្លុតទូកនេសាទចិន ដែលចូលមកនេសាទក្នុងដែនទឹកឥណ្ឌូណេស៊ី។ តែប៉េកាំងបានបដិសេធ និងក្រេវក្រោធយ៉ាងខ្លាំង ដោយចោទ ហ្សារកាតា ថាកំពុងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ក្នុងដែនទឹករបស់ចិន៕
ប្រែសម្រួល៖ ម៉ែវ សាធី