ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញពិនិត្យទីតាំងរូបសំណាកសេះសមុទ្រ និងបានពិភាក្សាគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា , រយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍ក្នុងខេត្តកំពតមានសន្ទុះកើនឡើងខ្លាំង ដោយសារភ្ញៀវមកពីចម្ងាយប្លែកអារម្មណ៍ និងកោតសរសើរគ្រប់គ្នា ពិសេសផលិតផលទេសចរណ៍មានការកើនឡើងគួរឱ្យកត់សម្គាល់ ទន្ទឹមនឹងរដ្ឋបាលខេត្តមានគម្រោងអភិរក្ស និងបង្កើតតំបន់ទេសចរណ៍នៅតាមដៃព្រែកនានាក្នុងខេត្ត។
កំណើនផលិតផលទេសចរណ៍ ដែលបម្រើដល់វិស័យទេសចរណ៍ក្នុងខេត្តកំពត មានការកើតឡើងវិញជាលំដាប់ ចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ខណ:ដែលបច្ចុប្បន្នសំណង់អគាររថ្មីៗក៏កំពុងដំណើរការជាបន្តបន្ទាប់ថែមទៀតផង។ តំបន់លម្ហែកម្សាន្តក្នុងខេត្តកំពតនាពេលបច្ចុប្បន្ន បានកើនដល់ ៣៦កន្លែង។ ចំពោះសេវាស្នាក់នៅក៏មានសន្ទុះខ្លាំងក្លាដូចគ្នាដែរ ដោយកន្លែងទទួលភ្ញៀវបានកើនដល់ជាង ៥.០០០បន្ទប់ ពិសេសប្រភេទបឹងហ្កាឡូ និងរីស៊តមានជាង ១.០០០បន្ទប់ ដែលអាចនិយាយបានថា ខេត្តកំពតជាគោលដៅទេសចរណ៍ឋានសួគ៌នៃរមណីយដ្ឋានបែបបឹងហ្កាឡូ និងរីស៊ត។
កាលពីពេលថ្មីៗនេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកទឹកចិត្ត និងជំរុញឱ្យអាជ្ញាធរ ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយផលិតផលទេសចរណ៍ និងតំបន់ទេសចរណ៍ក្នុងខេត្តឱ្យបានទូលំទូលាយ និងឱ្យបានដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ធ្វើយ៉ាងណាឱ្យខេត្តមានភ្ញៀវមកលេងកម្សាន្តកាន់តែច្រើន។ មិនតែប៉ុណ្ណោះ លោកអភិបាលខេត្តក៏មានគម្រោងសិក្សាកែច្នៃដៃព្រែកទាំងអស់ដែលមានក្នុងខេត្ត ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ថ្មីបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា ខេត្តកំពតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ខេត្តជាប់មាត់សមុទ្រនេះ បានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ការតុបតែងលម្អភ្លើងពណ៌ និងភ្លើងបំភ្លឺតាមទីសាធារណៈសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តក៏បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកង រយៈពេល២ថ្ងៃ។ ក្នុងព្រឹត្តិការណ៍នេះដែរមានភ្ញៀវទេសចរចំនួន ៥២ម៉ឺននាក់ បានមកលេង និងសម្រាកកម្សាន្តក្នុងខេត្ត៕