ខេត្តព្រះសីហនុ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា មានករណីគ្រោះអគ្គីភ័យឆាបឆេះបន្ទប់ស្នាក់នៅកម្មករ ប្រភេទកុងតឺន័រ ជិតអាគារកំពុងសាងសង់មួយកន្លែង កែងស្តុបភូមិអាចម៍មឹក កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន១២នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឆឹម ផល្លី នាយការិយាល័យ សហការជាមួយកម្លាំងផ្នែកពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ចេញប្រតិបត្តិការជួយអន្តរាគមន៍គ្រប់គ្រង និងបាញ់ទឹកពន្លត់ភ្លើងនៅទីតាំងកើតហេតុ។
ប្រតិបត្តិការសង្រ្គោះនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៣គ្រឿង ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថខេត្ត ចំនួន ០១គ្រឿង អស់ទឹក ០១ឡាន និងរថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០២គ្រឿង អស់ទឹក ០១ឡាន និងឆេះខូចខាតបន្ទប់ស្នាក់នៅ ចំនួន ០៤ ទាំងស្រុង ម៉ូតូ Scoopy ពណ៌ស ០១គ្រឿង ចំពោះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ករណីនេះមិនបង្កឱ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕ដោយ៖តារា