សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រៀបចំដោយស្ថានទូតវៀតណាមនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ក្នុងពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៤។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់សំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន លោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ-អន្តរជាតិ ជាមិត្តសាធារណរដ្ឋសង្គមនិយមវៀតណាម ជាច្រើនកុះករ។

ថ្ងៃទី២ កញ្ញា ១៩៤៥ – ថ្ងៃទី២ កញ្ញា ២០២៤ ជាខួបលើកទី៧៩ ថ្ងៃបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅក្នុងសារលិខិតអបអរសាទរ ដែលបានផ្ញើជូន លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ និងជាប្រពៃណីរវាងប្រទេសកម្ពុជា និងវៀតណាម ដែលបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងសងខាង។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបេ្តជ្ញាថែរក្សាចំណងមិត្តភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដ៏យូរអង្វែងនៃប្រទេសទំាងពីរ។ រដ្ឋសភាកម្ពុជា សង្ឃឹមថាចំណងមិត្តភាពនេះ នឹងបន្តពង្រីក និងពង្រឹងបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននៃប្រទេសទាំងពីរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print