ខេត្តតាកែវ-ភ្នំពេញ៖ មន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តតាកែវ និងរាជធានីភ្នំពេញ នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានបន្តចុះត្រួតពិនិត្យម្ហូបអាហារនៅលើទីផ្សារ និងធ្វើតេស្តលើសំណាកគំរូប្រមាណជាង ៣០ប្រភេទ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ទំនិញ និងម្ហូបអាហារដែលមានហានិភ័យចំពោះសុខភាពប្រជាពលរដ្ឋនៅលើទីផ្សារ។
ក្នុងឱកាសនោះ មន្រ្តីជំនាញបាននាំធ្វើការស្រង់សំណាកគំរូចំនួន ៣៨ប្រភេទ ដើម្បីស្វែងរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយជាលទ្ធផលសំណាកគំរូទាំងនោះមានអនុលោមត្រឹមត្រូវតាមច្បាប់ និងពុំមានបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយឡើង។ ជាមួយគ្នានេះ មន្ត្រីជំនាញបានដកហូតទំនិញហួសកាលបរិច្ឆេទចំនួន ១១គីឡូក្រាម ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ មន្រ្តីជំនាញបានបន្តអប់រំដល់បងប្អូនអាជីវករដែលលក់ដូរក្នុងផ្សារគោលដៅ និងអាជីវករដែលលក់ដូរតាមផ្ទះឱ្យបានយល់ដឹងបន្ថែមនូវចំណេះដឹងផ្នែកម្ហូបអាហារធ្វើយ៉ាងណាឱ្យម្ហូបអាហារទាំងអស់នោះមានសុវត្ថិភាពមុនលក់ជូនប្រជាពលរដ្ឋដែលជាអតិថិជន៕ដោយ៖តារា