គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ផែនការណែនាំ ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មានសារសំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាក លោកនេះទៅកាន់លោកខាងមុខ។ ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិតដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាព រស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។

ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។

បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែល ក្នុងមួយឆ្នាំមានតែម្តង មានរយៈពេលកំណត់ ២៩ថ្ងៃ ដោយវត្តមួយទទួលបានតែអង្គកឋិនមួយ ជាទានមាន ផលានិសង្សខ្ពស់ទាំងទាយក ទាយិកា និងទាំងបដិគ្គាហក ជាទីជ្រះថ្លា និងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ។ ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចនឹង ទទួលបាននូវសម្ភារ ថវិកា សម្រាប់បម្រើឱ្យការកសាងទីសេនាសនៈនៅក្នុងវត្ត មានព្រះវិហារ កុដិ សាលា និង ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចថែមទៀត។

ឆ្នាំនេះ កឋិនទាន នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តែងបានផ្តល់ឱកាសថ្វាយ ប្រគេន សម្តេចព្រះសង្ឃ ព្រះសង្ឃ ជូនពុទ្ធបរិស័ទបំពេញកុសលតាមសទ្ធាជ្រះថ្លា ដើម្បីបុត្រធីតា បងប្អូន សិស្ស និស្សិត និងប្រជារាស្ត្រខ្មែរទាំងក្នុង និងក្រៅប្រទេស មានលទ្ធភាពធ្វើបដិការគុណ គោរពតបស្នងសងគុណ មាតាបិតា ជីដូនជីតា អាណាព្យាបាល គ្រូឧបជ្ឈាយាចារ្យ តាមជំនឿ និងបានរួមចំណែកថែរក្សានូវប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា វប្បធម៌ និងអរិយធម៌ ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិឱ្យបានគង់វង្ស។

ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូចតទៅ ៖

* គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត -ផ្សព្វផ្សាយអំពីខ្លឹមសារបុណ្យទាំងពីរខាងលើឱ្យបានជ្រួតជ្រាបទូលំទូលាយ និងបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលជូនមន្ត្រីរាជការក្រោមឱវាទ បានចូលរួមបំពេញកុសលជាប្រពៃណី នៅតាមវត្តអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំឪពុកម្តាយ បងប្អូន ជីដូនជីតា តាមបំណងប្រាថ្នា។ -រៀបចំតុបតែងលម្អ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំភ្លឺ ភ្លើងពណ៌ តាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រោងចក្រ សហគ្រាស សាលារៀន តាមសួនច្បារ ទីសាធារណៈ និងតាមគេហដ្ឋានប្រជាពលរដ្ឋ។

* ក្រសួងធម្មការ និងសាសនា

ធ្វើសេចក្តីណែនាំលម្អិតជូនគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត យកចិត្តទុកដាក់ បង្កលក្ខណៈឱ្យបានល្អប្រសើរ ថ្វាយ ប្រគេន សម្តេចព្រះសង្ឃ ព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន និងរៀបចំបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ និងបុព្វបុរស ដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិ ស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ព្រមទាំងរម្លឹក គ្រប់វត្តអារាម ឱ្យរៀបចំសម្អាតបូជនីយដ្ឋាន ស្តូប កន្លែងតម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ និងតុបតែងលម្អដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទរតាមប្រពៃណីព្រះពុទ្ធសាសនា។

* អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកផ្តួចផ្តើមបុណ្យកឋិនទាន ធ្វើការណែនាំ និងអប់រំយុវជន យុវនារី កុមារា កុមារី ព្រមទាំងសមាសភាពផ្សេងៗទៀត ដែលចូលរួម ដង្ហែអង្គកឋិនទាន ឱ្យបានយល់ដឹងនូវខ្លឹមសារនៃពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះ ហើយធ្វើខ្លួនឱ្យស័ក្តិសមជាពុទ្ធ សាសនិកជនដ៏ល្អពិតប្រាកដ ដោយមិនបង្កសកម្មភាពនាំឱ្យប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនា ដូចជាការ គប់ស្បោងទឹក ជះទឹក គប់អំពៅ គប់ផ្លែឈើ និងគប់វត្ថុរឹងផ្សេងៗ ធ្វើឱ្យខូចរបៀបរៀបរយ បាត់សណ្តាប់ធ្នាប់ សង្គម និងអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

* ក្រសួងព័ត៌មាន រៀបចំកម្មវិធីឱ្យបណ្តាញឃោសនាទាំងអស់មាន វិទ្យុ ទូរទស្សន៍ជាតិ និងឯកជន អ្នកយកព័ត៌មាន តាមដានស្វែងយល់ស្រាវជ្រាវប្រវត្តិខ្លឹមសារ និងសកម្មភាពនៃពិធីបុណ្យប្រពៃណី និងអំពីរបៀបរបបស្លៀកពាក់ ក៏ដូចជាអាកប្បកិរិយា ដែលត្រូវប្រកាន់យកក្នុងពេលចូលរួមពិធីបុណ្យនេះ ជាពិសេស នៅក្នុងទីវត្តអារាម និង ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងរយៈពេលប្រារព្ធពិធីបុណ្យទាំងពីរខាងលើ។

* គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិរៀបចំកម្មវិធីចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា និងចាស់ជរាគ្មានទីពឹង ដោយអំពាវនាវគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព ឱ្យចូលរួមជួយឧបត្ថម្ភ អំណោយជាសម្ភារ ថវិកា។

* ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ

ណែនាំដល់អង្គភាពក្រោមឱវាទឱ្យសហការ ការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សង្គម ចរាចរណ៍ បង្កលក្ខណៈល្អប្រសើរថ្វាយ ប្រគេន សម្តេចព្រះសង្ឃ ព្រះសង្ឃ ជូនពុទ្ធបរិស័ទ បំពេញកុសល តាមសទ្ធាជ្រះថ្លា និងធានាបានសុវត្ថិភាពក្នុងពិធីបុណ្យទាំងពីរខាងលើ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត នឹងអនុវត្តតាមស្មារតីនៃផែនការណែនាំនេះ ឱ្យបានសម្រេចលទ្ធផលល្អប្រសើរ ស្របតាមប្រពៃណីជាតិដ៏រុងរឿង ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print