រដ្ឋមន្ដ្រី ឌិត ទីណា៖​ សេវាសាធារណៈដែលល្អប្រសើរ លឿនរហ័ស ប្រកបដោយភាពម៉ត់ចត់ ត្រឹមត្រូវគ្រប់ជ្រុងជ្រោយ នឹងជួយឱ្យប្រជាពលរដ្ឋចំណេញពេលវេលា កាត់បន្ថយការចំណាយនិងសម្ពាធផ្សេងៗ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅល្ងាចថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោករដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក ក្រុមការងារភូមិ ឃុំ ក្នុងស្រុកចំនួន៤ នៃខេត្តបន្ទាយមានជ័យ។ ជំនួបនេះ រៀបចំធ្វើនៅស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ និងនៅស្រុកថ្មពួក និងស្រុកស្វាយចេក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

 

នៅក្នុងជំនួបទាំង២ថ្ងៃ លោករដ្ឋមន្ដ្រី ឌិត ទីណា បានណែនាំដល់អង្គពិធីនៅស្រុកទាំង៤ ឱ្យយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ដើម្បីជួយសម្រួល និងសម្រេចការងារនេះ កន្លងមក លោក ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានរៀបចំដាក់បន្ថែមនូវមន្ដ្រីកិច្ចសន្យានៅគ្រប់ឃុំ និងគ្រប់ស្រុកទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ។ 

 

សម្រាប់លោករដ្ឋមន្ដ្រី សេវាសាធារណៈដែលល្អប្រសើរ លឿនរហ័ស ប្រកបដោយភាពម៉ត់ចត់ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយ នឹងជួយឱ្យប្រជាពលរដ្ឋចំណេញពេលវេលា កាត់បន្ថយការចំណាយនិងសម្ពាធផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បង្ហាញពីការបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការបម្រើប្រជាជនផងដែរ។

ក្រៅពីផ្ដល់អនុសាសន៍ណែនាំនេះ លោករដ្ឋមន្ដ្រី ឌិត ទីណា បានស្ដាប់យ៉ាងយកចិត្តទុកដាក់អំពីកង្វល់ និងសំណូមពរនានា របស់អាជ្ញាធរមូលដ្ឋាននៃស្រុកទាំង៤ មុននឹងផ្ដល់ដំណោះស្រាយមួយករណីម្ដងៗ ប្រកបដោយសមធម៌ និងច្បាស់លាស់ ដោយតម្កល់ផលប្រយោជន៍ប្រជាជន និងប្រជាជាតិជាធំ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print