ពិតអត់ ! ត្រង់ថាករណីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចធ្វើសំណុំរឿងសិន ហើយទុកជនរងគ្រោះដល់ស្លាប់ មិនបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តតាកែវ ៖ មានករណីគ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើងនៅក្នុងខេត្តតាកែវ ប៉ូលីសអន្តរាគមន៍ បែរជាចាំធ្វើសំណុំរឿងសិន មិនបញ្ជូលជនរងគ្រោះទៅមន្ទីរពេទ្យ រហូតជនរងគ្រោះបាត់បង់ជីវិត ។ នេះបើយោងតាមគេហទំព័រក្នុងមួយបានផ្សាយនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងនោះបានលើកឡើងថា ៖ ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍មួយបាន កើតឡើងរវាងរថយន្ត និងម៉ូតូស្ថិតនៅលើផ្លូវជាតិលេខ២ លើផ្លូវ១២៣ នៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នៅចន្លោះម៉ោង ៩-១០យប់ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ធ្វើឱ្យជនរងគ្រោះបាត់បង់ជីវិត ចំណែកជនបង្កនៅមិនទាន់ចាប់ខ្លួនបាននៅឡើយ។

បន្ទាប់ពីហេតុការណ៍នេះ កើតឡើងបានធ្វើជនរងគ្រោះទទួលមរណភាព បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យមិនទាន់ពេលវេលា បានធ្វើឱ្យគ្រួសារជនគ្រោះកើតទុក្ខមិនសុខចិត្តចំពោះ ប៉ូលីសអន្តរាគមន៍ ក្នុងកន្លែងកើតហេតុការណ៍នោះ ដោយសារមិនព្រមបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ដោយហេតុផលថា ត្រូវនៅធ្វើសុំណុំរឿងសិន រហូតដល់ជនរងគ្រោះ ហូរឈាមស្ទើរខ្សោះអស់ពីខ្លួន ធ្វើឱ្យយឺតពេលក្នុងការជួយសង្គ្រោះ។ នេះបើយោងតាមសារ ដែលគ្រួសារជនរងគ្រោះ បានបង្ហោះលើគេហទំព័រហ្វេសបុកឈ្មោះថា Rith SreyNeng។

ទន្ទឹមនឹងនេះ ចាប់ពីគ្រោះថ្នាក់នេះបានកើតឡើង រហូតមកដល់ពេលនេះនៅមិនទាន់ចាប់ខ្លួន និងកំណត់អត្តសញ្ញាណជនបង្ករ(រថយន្ត) ដើម្បីផ្តល់ភាពយុត្តិធម៌ឱ្យដល់ជនរងគ្រោះនិងក្រុមគ្រួសារបាននៅឡើយទេ។

ជាមួយគ្នានេះ គ្រួសារជនរងគ្រោះ បានអំពាវនាវទៅដល់ សម្តេចហ៊ុនសែន និងសម្តេចធិបតី នាយករដ្ឋមន្រ្តីហ៊ុនម៉ាណែត ជួយផ្តល់ភាពយុត្តិដល់ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ និង ជួយវែកមុខ កំណត់អត្តសញ្ញាណរបស់ជនបង្ករ ដើម្បីផ្តល់ភាពយុត្តិធម៌ និងនាំខ្លួនជនបង្ករមកទទួលទោសតាមផ្លូវច្បាប់។

នេះជាសារលម្អិតដែលគ្រួសារជនរងគ្រោះបាន បង្ហោះកាលពីថ្ងៃទី២៩ ខែសីហា ដោយសរសេរថា ៖ អូយៗៗៗ😭😭😭! ជួយយកខ្ញុំទៅពេទ្យផងបង ម៉ែខ្ញុំមានលុយ យកខ្ញុំទៅពេទ្យផងបង😭😭 !អូយៗៗ សំលេងយ៉ាងគ្រលួចរបស់ប្អូនខ្ញុំនៅលើដៃ មនុស្សម្នាក់ (យកគាត់ទៅពេទ្យទៅ គាត់ហូរឈាមច្រើនណាស់) (កុំអីចាំប៉ូលីសវាស់វែងសិន) សំលេងនៅតែបន្ត “ អូយៗ ជួយខ្ញុំផង យកខ្ញុំទៅពេទ្យទៅ ម៉ែខ្ញុំមានលុយ “ សម្លេងដង្ហើយហៅឱ្យគេជួយ តែគ្មានអ្នកណាហ៊ានជួយប្អូនទេ ។ ពេលបញ្ជូនទៅដល់ពេទ្យបង្អែកស្រុកបាទី ប្អូនខ្ញុំស្រែកថា អូយៗ ឈឺណាស់ៗ ជួយៗ ឈឺណាស់ៗ (ខ្ញុំឮសម្លេងស្រែកផ្ទាល់ត្រចៀក) បើគិតពីពេលគ្រោះថ្នាក់រហូតពេទ្យចាក់ស៊ីមទូរសព្ទ័(រកសាច់ញ្ញាតិ)បាន ប្រហែលជិត២ម៉ោង រហូតប្អូនហូរឈាមស្ទើរខ្សោះអស់ពីខ្លួន(១៥% មន្ទីរពេទ្យជោររ៉ៃភ្នំពេញ) ។ តើប្អូនឈឺចាប់ខ្លាំងប៉ុណ្ណាទៅ🥹😭? បើតាមសាក្សីគាត់ប្រាប់ថា សាច់ញ្ញាតិ ឪពុកម្ដាយជនបង្ករក៏មកដល់កន្លែង កើតហេតុ និងតាម លប មើលដល់ពេទ្យ(ផ្ទះជនបង្ករនៅភូមិ ត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ប្រហែល500ម៉ែត្រប៉ុណ្ណោះ)ហេតុអីក៏ពួកគេចិត្តខ្មៅម្ល៉េះ? ហេតុអ្វីមិនជួយឱ្យពេទ្យបញ្ជូនអ្នករងគ្រោះទៅសង្រ្គោះបន្ទាន់ ហេតុអីៗៗ? ប្អូនអើយ! តើប្អូនវេទនាយ៉ាងណាទៅ ខំស្រែកហៅគេឱ្យជួយ ព្រោះតែចង់រស់ តែប្អូននៅតែមិនអាចរស់បាន ប្អូនអើយ😭😭😭

ខេត្តតាកែវ : កាលពីថ្ងៃ អាទិត្យ ទី 14 ខែ កក្កដា ឆ្នាំ 2024 មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និង ម៉ូតូ នៅចន្លោះម៉ោង 9 – 10 យប់ដែរចំណុចកើតហេតុស្ថិតនៅផ្លូវជាតិលេខ 2 លើផ្លូវខេត្ត 123 ដែលស្ថិតនៅក្នុង ភូមិ សីហា ឃុំ ចំបក់ ស្រុក បាទី ខេត្ត តាកែវ (ទល់មុខវត្តអង្គសឹង្គ)។
+ ជនបង្ករ (ឡាន) : នៅភូមិ ត្រពាំងត្រយឹង ឃុំ ចំបក់ ស្រុក បាទី ខេត្ត តាកែវ (នៅមិនទាន់កំណត់អត្តសញ្ញាណបាន) ឡាន ព្រូស ស្លាកលេខ 2BW-0649 ។
+ ជនរងគ្រោះ (ម៉ូតូ) :ឈ្មោះ រិទ្ធ វីរៈ អាយុ 20 ឆ្នាំ មុខរបរជា និសិត្ស នៅភូមិ គ្រួស (ហៅស្វាយ) ឃុំ ពារាម ស្រុក បាទី ខេត្ត តាកែវ ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃ អាទិត្យ ទី 14 ខែ កក្កដា ឆ្នាំ 2024 រវាងរថយន្ត និង ម៉ូតូ នៅចន្លោះម៉ោង 9 – 10 យប់ដែរចំណុចកើតហេតុស្ថិតនៅលើផ្លូវជាតិលេខ 2 ផ្លូវខេត្ត 123 ដែលស្ថិតនៅក្នុង ភូមិ សីហា ឃុំ ចំបក់ ស្រុក បាទី ខេត្ត តាកែវ (ទល់មុខវត្តអង្គសឹង្គ) ។ ជនបង្ករ(ឡាន)មានសាច់ញាតិមករំដោះខ្លួនបាត់ពីកន្លែងកើតហេតុ។ដោយភាគីជនរងគ្រោះ (ម៉ូតូ) រងរបួសធ្ងន់ ។ សូមបញ្ជាក់ថានៅម៉ោង10យប់ជាកំឡុងពេលដែលកើតហេតុ ក្នុងនាមខ្ញុំជាសាច់ញាតិរបស់ជនរងគ្រោះផ្ទាល់ខ្ញុំបានធ្វើការទាក់ទៅទូរសព្ទ័ដៃរបស់ជនរងគ្រោះគឺនៅទាក់ទងចូលធម្មតា តែគ្មានអ្នកទទួល រហូតដល់ម៉ោង 10 ប្រហែលជា15នាទីយប់ ទើបទូរស័ព្ទជនរងគ្រោះចាប់ផ្តើមទាក់ទងលែងចូល ប៉ុន្តែនៅតែព្យាយាមទាក់ទងទៅរហូតមិនឈប់។ បើគិតចាប់ពីម៉ោងកើតហេតុនៅចន្លោះម៉ោង 9 – 10 យប់ គឺគ្មានលោកពូប៉ូលីសចរាចណ៍ឬលោកពូៗដែលជាអ្នកអន្តរាគមន៍ក្នុងកន្លែងកើតហេតុការណ៍នោះមិនបានឆ្វាស់ឆ្វែងប្រកាសស្វែងរកសាច់ញាតិរបស់ជនរងគ្រោះទាល់តែសោះឡើយ ។ តើការស្វែងរកសាច់ញាតិរបស់ជនរងគ្រោះ ជាតួរនាទីរបស់ក្រុមគ្រូពេទ្យឬយ៉ាងណា? ប្រសិនបើករណីគ្រោះថ្នាក់នេះបុកភ្លាមហើយជនរងគ្រោះគាត់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមមិនថាទេ តែនេះជនរងគ្រោះគាត់បានស្រែកហៅឲ្យជួយគាត់ផង ។ ទាំងលោកពូប៉ូលីសចរាចរណ៍ លោកពូៗអ្នកអន្តរាគមន៍ ក៏ដូចជាសាច់ញាតិជនបង្ករដែលមានវត្តមាននៅទីនោះ ក៏បានដឹងពីស្ថានភាពរបស់ជនរងគ្រោះច្បាស់ ថាបើនៅពន្យាពេលក្នុងការបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីពេទ្យដែរមានឧបករណ៍គ្រប់គ្រាន់ដើម្បីសង្រ្គោះច្បាស់ជាត្រូវស្លាប់បាត់បង់ជីវិត ។ តើនេះជាចេតនាឬយ៉ាងណា ? ឬព្រោះជនដែលបង្ករជាម្ចាស់ឡាន (ជាចៅរបស់មេភូមិ) ?? ដែលមានកូនក្មួយធ្វើការនៅ ប៉ុស្តិនិងនៅនគរបាលស្រុកបាទី? ទើបបានជារឿងគ្រោះថ្នាក់មួយនេះគ្មានការផ្សព្វផ្សាយអ្វីទាំងអស់ សូម្បីតែព្យាយាមស្វែងរកសាច់ញាតិឱ្យក៏គ្មាន គឺគ្មានទាល់តែសោះ ។ រហូតដល់ម៉ោងជិត11យប់ ក្នុងនាមខ្ញុំជាសាច់ញាតិដែលព្យាយាមទាក់ទងទៅកាន់ប្អូនដែលជាជនរងគ្រោះតាំងពីម៉ោង 10 យប់ដឹងថាទាក់ទងមិនចូលតែនៅតែព្យាយាមទាក់ទងរហូតដល់ម៉ោងជិត 11យប់ ទូរសព្ទជនរងគ្រោះចាប់ផ្តើមទាក់ទងចូលហើយអ្នកដែរទទួលទូរសព្ទគឺជាលោកគ្រូពេទ្យមិនស្គាល់ឈ្មោះម្នាក់ នៅមន្ទីពេទ្យបង្អែកស្រុកបាទីទៅវិញ ពេលនោះហើយទើបក្រុមគ្រួសារជនរងគ្រោះចាប់ផ្តើមដឹងពីគ្រោះថ្នាក់មួយនេះ និងរៀបចំបញ្ជូនជនរងគ្រោះពីមន្ទីពេទ្យបង្អែកស្រុកបាទីទៅសង្រ្គោះបន្តនៅរាជធានីភ្នំពេញ(មន្ទីពេទ្យ ជោរៃភ្នំពេញ) ខណៈពេលដែលរៀបចំជនរងគ្រោះឡើងឡានសង្រ្គោះដើម្បីយកទៅសង្រ្គោះបន្តនៅភ្នំពេញ មានលោកពូប៉ូលីសមកស្ទាក់ថាមិនឱ្យយកជនរងគ្រោះទៅណាទេ ត្រូវនៅធ្វើសុំណុំរឿងសិន😐 ខ្ញុំចង់សួរទៅកាន់លោកពូប៉ូលីសថា គិតចាប់តាំងពីពេលកើតហេតុរហូតដល់ជនរងគ្រោះបានបញ្ជូនមកសង្រ្គោះបឋមនៅមន្ទីពេទ្យបង្អែកស្រុកបាទី ហេតុអ្វីលោកពូប៉ូលីសមិនព្យាយាមទាក់ទងស្វែងរកសាច់ញាតិជនរងគ្រោះដើម្បីធ្វើសុំណុំរឿង ទាំងដឹងហើយថាគាត់រងរបួសធ្ងន់ត្រូវសង្រ្គោះជាបន្ទាន់ តែបែរជារងចាំសាច់ញាតិជនរងគ្រោះជាអ្នកទាក់ទងមកទៅវិញ រួចដល់ពេលឃើញមានសាច់ញាតិជនរងគ្រោះមកដើម្បីនាំជនរងគ្រោះទៅសង្រ្គោះបន្ត បែរជាមកបង្អាក់ដំណើរទៅវិញ។ ខ្ញុំពិតជាមានការស្លុតចិត្តខ្លាំងណាស់ដែរបានឃើញនូវទង្វើរបែបនេះ ។ បង្អាក់ លាក់បាំងទាំងហេតុការណ៍ដែលបានកើតឡើង បិទព័ត៌មានមិនបានប្រកាសស្វែងរកសាច់ញាតិជនរងគ្រោះ ថែមទាំងមកបង្អាក់ទាំងដំណើរដើម្បីយកជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់ទៀត ។ ទម្រាំតែបានបញ្ជូនជនរងគ្រោះពីមន្ទីពេទ្យបង្អែកស្រុកបាទីទៅដល់មន្ទីជោរៃភ្នំពេញ គឺនៅម៉ោង12យប់ ពេលមកដល់មន្ទីពេទ្យក្រុមគ្រូពេទ្យបានប្រឹងប្រែងព្យាយាមជួយសង្រ្គោះអស់ពីលទ្ធភាពហើយ តែសង្រ្គោះលែងបាន ដោយសារជនរងគ្រោះបានបាត់ឈាមច្រើនពេក (គឺឈាមហូរខ្សោះអស់ពីខ្លួន) ទើបធ្វើឱ្យជនរងគ្រោះត្រូវស្លាប់បង់ជីវិតក្រោយពេលជួយសង្រ្គោះនៅ(មន្ទីពេទ្យជោរៃភ្នំពេញ)។
រហូតមកដល់ពេលនេះនៅមិនទាន់ចាប់ខ្លួន និងកំណត់អត្តសញ្ញាណជនបង្ករ(ឡាន) ដើម្បីផ្តល់ភាពយុត្តិធម៌ឱ្យដល់ជនរងគ្រោះនិងក្រុមគ្រួសារបាននៅឡើយទេ ។
🙏🏻 ជាចុងក្រោយក្នុងនាមនាងខ្ញុំតំណាងឱ្យក្រុមគ្រួសាររបស់ជនរងគ្រោះទាំងមូល សូមអំពាវនាវទៅដល់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន (សម្តេចហ៊ុនសែន) និង សម្តេចធិបតី នាយករដ្ឋមន្រ្តីហ៊ុនម៉ាណែតនៃព្រះរាជាណាចក្រកម្ពុជា សូមជួយផ្តល់ភាពយុត្តិដល់ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះផង🙏🏻 សូមជួយវែកមុខ កំណត់អត្តសញ្ញាណរបស់ជនបង្ករដើម្បីផ្តល់ភាពយុត្តិធម៌ និងនាំខ្លួនជនបង្ករមកទទួលទោសតាមផ្លូវច្បាប់🙏🏻🙏🏻៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print